ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៖ សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាម បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាម បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោ បានថ្លែងថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនត្រូវបានបង្កើតឡើង។ រដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងមានសង្គ្រាមផង ព្រមទាំងត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត។ ប៉ុន្តែទោះបីត្រូវជួបឧបសគ្គ និងការលំបាកយ៉ាងណាក្ដី ក៏សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្ទាប់មកបានប្ដូរឈ្មោះជារដ្ឋកម្ពុជា នៅឆ្នាំ ១៩៨៩ បានបំពេញតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងបុព្វហេតុប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងបុព្វហេតុ ស្ដារ និងកសាងសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញពីគំនរផេះផង់ឱ្យមានស្ថិរភាពជាជំហានៗ និងអាចឈានទៅពង្រឹងពង្រីកខ្លួនបានតែក្នុងរយៈពេល ១០ឆ្នាំ ប៉ុណ្ណោះ។

សម្ដេចបានរំលឹកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចាសន្តិភាពអស់រយៈពេលច្រើនឆ្នាំ ដោយចាប់ផ្ដើមពីការចរចាដំបូងរវាង សម្ដេចព្រះនរោត្តមសីហនុ ជាមួយសម្ដេច នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧។ លើមូលដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រដែលរដ្ឋកម្ពុជាសម្រេចបាននេះ បានបង្កើតនូវបុព្វបទ និងលក្ខណសម្បត្តិចាំបាច់នានាឱ្យកម្ពុជាបន្តឈានទៅមុខនៅលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ ដើម្បីសម្រេចទាំងស្រុងនូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាមនេះ បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសសង្គម-សេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង ៕
ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner