វិសាខាយកឈ្នះគីរីវង់សុខសែនជ័យ ៤-១
សប្តាហ៍ទី១៥ ក្របខ័ណ្ឌលីគកំពូលកម្ពុជា
ក្រុមភ្ញៀវ វិសាខាបានយកឈ្នះក្រុមម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ ដោយលទ្ធផលបច្ចេកទេស ៤ទល់១ នៅក្នុងការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី១៥ ចុងសប្តាហ៍នេះ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ជើងទី២ រដូវកាល ២០១៩។
៤គ្រាប់ជ័យជម្នះរកបាន៣ពិន្ទុបន្ថែមរបស់វិសាខាធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ Ajayi Opeyemi Korede នៅនាទី១៣ និងនាទី២៤, កីឡាករ Pak Song Chol នៅនាទី៣៥ ខណៈកីឡាករ ទៀង ទីនី នៅនាទី៣៨ ហើយនៅវគ្គទី២ កីឡាករ Santos របស់គីរីវង់សុខសែនជ័យតាមបាន១គ្រាប់វិញ នៅនាទី៨០។ ជាមួយនឹងជ័យ ជម្នះនេះបានធ្វើឲ្យវិសាខារក្សាខ្លួននៅចំណាត់ថ្នាក់លេខ៤ដដែលជាមួយនឹង១៥ប្រកួត ឈ្នះ១០ប្រកួត ស្មើ១ ប្រកួត និងចាញ់៤ប្រកួត មាន៣១ពិន្ទុ ខណៈ១៥ប្រកួតរបស់គីរីវង់សុខសែនជ័យ ឈ្នះ៥ប្រកួត និងចាញ់១០ ប្រកួត មាន១៥ពិន្ទុ។
ចំពោះ៣ក្រុមដែលឈរលើកំពូលតារាង ពីលេខ១ដល់លេខ៣ កាលពីសប្តាហ៍ទី១៤ នៅតែរក្សាខ្លួន នា សប្តាហ៍ទី១៥នេះដូចគ្នា បន្ទាប់ពីបានយកឈ្នះលើគូប្រកួតរៀងៗខ្លួនដូចៗគ្នា គឺព្រះខ័នរាជស្វាយរៀងយកឈ្នះ សូលទីឡូអង្ករ ៦ទល់១ ឈរលេខ១ មាន៣៩ពិន្ទុ, ណាហ្គាវើលដ៏ ឈ្នះក្រសួងការពារជាតិ ១ទល់០ ឈរលេខ២ មាន ៣៤ពិន្ទុ និងក្រុមអង្គរថាយហ្គឺរយកឈ្នះខេត្តកំពង់ចាម ៤ទល់០ ឈរនៅលេខ៣ មាន៣៣ពិន្ទុ។
ចំពោះលទ្ធផល៣ប្រកួតផ្សេងទៀត នាជំនួបសប្តាហ៍ទី១៥នេះដែរ រួមមាន៖ អាស៊ីអឺរ៉ុបយូណាយធីត ១ទល់១ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈបឹងកេតយកឈ្នះអគ្គិសនីកម្ពុជា ៤-០ រីឯភ្នំពេញក្រោន បំបាក់យុវជនបាទី ដោយលទ្ធផល ១២ទល់១៕



