ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងខេត្តកណ្ដាល អបអរសាទរថ្ងៃកំណើតទី២ ដ៏នក្ខត្តឫក្ស របស់ខ្មែរ ប្រកបដោយក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព
(ខេត្តកណ្ដាល)៖ នៅសាលាខេត្តកណ្ដាលថ្ងៃទី ៧ ខែមករា ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំនៃថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ៧. មករា ២០២៤ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអានសុន្ទរកថា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយគូសបញ្ជាក់ថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យប្រជាជាតិខ្មែរ បានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ។

សុន្ទរកថា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុលពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មី គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។
ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ប្រកបដោយជោគជ័យ ក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្តារ និងកសាងជាតិឡើងវិញ ពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់ កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់ នៃសន្តិភាព ប្រកបដោយមោទនភាពជាទីបំផុត ។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រារព្ធខួបទី៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែល របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឲ្យរបបនេះអាចត្រឡប់មកវិញបាន ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្តលើកឡើងថា ខួបនៃទិវាជ័យជម្នះ ៧មករា នៅឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា បាន សម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីកម្ពុជា បានយកឈ្នះលើ សមរភូមិ នៃវិបត្តិជំងឺកូវីដ១៩ ដែលបង្កលក្ខណៈឲ្យយើងបានបើកប្រទេសឡើងវិញ ចាប់ពី ចុង ឆ្នាំ២០២១មក ហើយបាននិងកំពុងបន្តដំណើរទៅមុខប្រកបដោយភាព ជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ៕



ប្រភព ៖ ព័ត៌មានខេត្តកណ្តាល