សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មទ្វេឡើងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងបម្រើប្រជាពលរដ្ឋឱ្យមានជីវភាពល្អប្រសើរ។ រាជរដ្ឋាភិបាលបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មទ្វេឡើងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីទទួលបានទំនុកចិត្តក្នុងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើ គ្រប់វិស័យទាំងសង្គម-សេដ្ឋកិច្ចគួរជាទីមោទនៈ។ កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមក្នុង អត្រា៧%ជាង ២ទសវត្សរ៍មុនការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែន។ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានគិតគូរនិងលើក កម្ពស់កាន់តែប្រសើរឡើង ជាក់ស្តែង ប្រាក់ឈ្នួលអប្បបរមាបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤។
ទន្ទឹមនឹងការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការខិតខំលើកកម្ពស់សុខុមាលភាព និងរួមចំណែកកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិតតាមរយៈការអភិវឌ្ឍរបបសន្តិសុខសង្គម ជាបន្តបន្ទាប់ដូចជា៖ បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ ជំនួសបងប្អូនកម្មករនិយោជិត១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ និងជួយបង់៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា៦ដុល្លារ ក្នុង១ខែ និងអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងាររហូតដល់ពេលចូលនិវត្តន៍៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត




