សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើលិខិតជូនប្រធានាធិបតីសាធារណរដ្ឋបារាំង អំពីការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំង នាថ្ងៃទី១៨-១៩ ខែមករា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើលិខិតជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីសាធារណរដ្ឋបារាំង តបតាមលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី អញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។
នៅក្នុងលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង យ៉ាងដូច្នេះថា “ខ្ញុំសូមសម្ដែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងសូមថ្លែងអំណរគុណឯកឧត្តមដែលបានអញ្ជើញខ្ញុំ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ខាងមុខនេះ។ នេះជាកិត្តិយសដ៏ធំធេង ហើយខ្ញុំសូមទទួលយកឱកាសនេះ ជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងទាំងពីរ។
ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីសនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរវាងប្រជាជាតិយើងទាំងពីរ។ ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់ខ្ញុំមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយ សន្តិភាពនៅលើពិភពលោក”។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌របស់យើង និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្ដម្ភនៃទំនាក់ទំនងទ្វេភាគីរបស់យើង។
សម្តេចធិបតីជឿជាក់ថា ការពិភាក្សារបស់យើងនឹងរួមចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំមកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។ កម្ពុជាប្តេជ្ញាចិត្តនឹងបន្ត ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូរបស់យើង សម្រាប់ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ។ សម្តេចរង់ចាំជួប និងពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តមអេម៉ានុយអែល ម៉ាក្រុង៕

