សម្តេចធិបតីដាក់សំណួរ២ ដល់អ្នកចង់កែប្រែប្រវត្តិសាស្ត្រ៧មករា (Video Inside)
សម្តេចមហាបវរធិបតី បានដាក់សំណួរ២ ទៅកាន់មេដឹកនាំក្បត់ជាតិបីជំនាន់ ដែលចាត់ទុកទិវា ៧មករា ជាទិវាចងកំហឹង។ ទិវា៧មករាប្រមាណ ៤៥ឆ្នាំមុន គឺជាទិវាដែលជួយរំដោះជីវិតប្រជាពលរដ្ឋចេញរួចផុតពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបដឹកនាំខ្មែរក្រហម។ ប៉ុន្តែមេដឹកនាំក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានព្យាយាមចង់កែប្រែប្រវត្តិសាស្ត្រពិតរបស់ខ្មែរ ដោយចោទថា ជាទិវាចងកំហឹងនឹងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាទៅវិញ។
ថ្លែងក្នុងពិធីសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជាង ១ម៉ឺននាក់ នៅក្នុងខេត្តកោះកុងនាថ្ងៃទី៨ មករា ឆ្នាំ២០២៤, សម្តេចធិបតីបានដាក់សំណួរចំនួន ២ ដល់អ្នកណាក៏ដោយ ដែលមានគំនិតអាក្រក់ ចំពោះទិវា៧មករាឆ្នាំ១៩៧៩ កាលពី ៤៥ឆ្នាំមុននេះ។
សម្តេចធិបតីនៅបានលើកឡើងថា តើហេតុអ្វីបានជាអង្គការសហប្រជាជាតិ ដែលដឹងថាកម្ពុជា មានអំពើសម្លាប់រង្គាលហើយនាពេលនោះ ម្តេចមិនជួយយកអាសារកម្ពុជា? និងហេតុអ្វីបានជាពេលនោះ ក្រុមអ្នកតស៊ូ ត្រូវរត់ទៅពឹងវៀតណាម? សម្តេចធិបតីបានថ្លែងថា ផ្លូវច្បាប់បានចងជាប់នូវបេសកកម្មស្វែងរកសន្តិភាព របស់អង្គការសហប្រជាជាតិដោយសារតែកងកម្លាំងអង្គការសហប្រជាជាតិអាចមានសិទ្ធិចូលធ្វើអន្តរាគមន៍ ក្នុងប្រទេសណាមួយបាន លុះត្រាតែរដ្ឋាភិបាលសាមីប្រទេសនោះ ស្នើរកការជួយធ្វើអន្តរាគមន៍។
ដូច្នេះកម្ពុជាដែលស្ថិតក្នុងគ្រោះ ថ្នាក់នៃអំពើប្រល័យពូជសាសន៍ ក្នុងគ្រានោះ នឹងមិនអាចមានជម្រើសឡើយ ក្រៅតែពីការពឹងវៀតណាមតែប៉ុណ្ណោះ ដើម្បីជួយសង្គ្រោះអាយុជីវិតពលរដ្ឋខ្មែរ ដែលរង់ចាំតែមានមនុស្សណា ក៏ដោយចូលមកជួយសង្គ្រោះជីវិត ដោយមិនប្រកាន់ថាជាតិសាសន៍នេះ ឬជាតិសាសន៍ណាឡើយ។