លោក បៃដិន ៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើក្រុមហ៊ូទី ជា “សកម្មភាពការពារ”
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍និយាយថា កងកម្លាំងអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក គឺជា “សកម្មភាពការពារ” បន្ទាប់ពីមានការវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ថ្ងៃនេះ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងយោធាអាមេរិក រួមជាមួយអង់គ្លេស និងដោយមានការគាំទ្រពីអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ បានបើកការវាយប្រហារដោយជោគជ័យ លើគោលដៅមួយចំនួនក្នុងប្រទេសយេម៉ែន ប្រើប្រាស់ដោយពួកឧទ្ទាមហ៊ូទី ដែលបង្កគ្រោះថ្នាក់ដល់សេរីភាពនៃការធ្វើនាវាចរណ៍។
លោក បៃដិន បានហៅការវាយប្រហារនេះថា ជា “ការឆ្លើយតបដោយផ្ទាល់” ចំពោះការវាយប្រហារដែលមិនធ្លាប់មានពីមុនមកដោយក្រុមហ៊ូទី រួមទាំងការប្រើប្រាស់មីស៊ីលបាលិស្ទីកប្រឆាំងនាវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា ការវាយប្រហារនេះដែរ មិនបង្កគ្រោះថ្នាក់ដល់បុគ្គលិកអាមេរិក ទាហានជើងទឹកស៊ីវិល និងដៃគូរបស់យើង ឬ ការធ្វើពាណិជ្ជកម្ម និងគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ឡើយ។
លោកបានសង្កត់ធ្ងន់ទៀតថា ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នឹងមិនអត់ឱនចំពោះការវាយប្រហារលើបុគ្គលិករបស់យើង ឬអនុញ្ញាតឱ្យតួអង្គអរិភាព ធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនាវាចរណ៍ឡើយ។ ហើយលោកក៏នឹងមិនស្ទាក់ស្ទើរ ដើម្បីបញ្ជាឱ្យមានសកម្មភាពយោធាបន្ថែមទៀត ប្រសិនបើចាំបាច់ ដើម្បីការពារប្រជាជនរបស់យើង និងលំហូរសេរីនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ។
សូមជម្រាបថា ក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែនដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បានអះអាងថា ការវាយប្រហាររបស់ខ្លួន គឺជាការបង្ហាញសាមគ្គីភាពទៅកាន់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា ហើយថា នឹងបន្តការវាយប្រហាររហូតទាល់តែអ៊ីស្រាអែលបញ្ឈប់សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ទន្ទឹមគ្នា សហរដ្ឋអាមេរិកបានបង្កើតក្រុមចម្រុះអន្តរជាតិមួយ ដើម្បីការពារសន្តិសុខ និងទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទីនៅសមុទ្រក្រហមផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




