ក្រសួងបរិស្ថាន ដាក់ចេញគោលដៅបៃតង ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់

(ភ្នំពេញ)៖ គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ ។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺនៅចំពោះមុខពាណិជ្ជករ នៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។

ស្របនឹងការថ្លែងឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគម ភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិត គឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយបង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ ក្រៅពីពឹងពាក់លើព្រៃឈើ និងសត្វព្រៃ ដើម្បីលើកកម្ពស់ជីវភាពឱ្យទទួលបានចំណូលខ្ពស់៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner