សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងតាំងពិព័រណ៍បង្ហាញវត្ថុ សិល្បៈក្វាតចំនួន៦ ៩៥៦គ្រាប់
ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ នៅខេត្តសៀមរាប គ្រោងនឹងតាំង ពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦ ៩៥៦គ្រាប់ ដែល បាន ពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជន បាន ស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។
ប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ ខែមករានេះបាន បញ្ជាក់ ពាក់ព័ន្ធនឹងពិធីតាំងពិព័រណ៍នេះថា ក្រុមអ្នកស្រាវជ្រាវ នៃ អាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦ ៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។
មគ្គទេ្ទសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី ត្រូវបានប្រភពដដែលស្រង់សម្ដីមកបញ្ជាក់ថាវត្ថុសិល្បៈបុរាណ ក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិព័រណ៍ជាអចិន្ត្រៃយ៍ ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន)Amethyst ពណ៌លឿង (ស៊ីទ្រីន)Citine និងពណ៌សថ្លា(គ្រីស្តាល់)Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុ មួយ ចំនួន ទៀតដែលបានមកពីកន្លែងតែមួយនៅប្រាសាទ កណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។
លោក គុន ផល្លី ឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ ជា អចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនា សិក្សា ស្វែងយល់អំពីវត្ថុសិល្បៈវត្ថុសក្ការៈសម្រាប់បញ្ចុះ នៅ គ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពី ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ ជាតិ ខ្មែរផង។
សូមជម្រាបថា ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជាចំណុចមួយដ៏ ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យ បានកាន់តែច្រើន៕
ប្រភពនិងរូបភាព៖អាជ្ញាធរជាតិអប្សរា







