ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអតីតអភិបាលក្រុងកែប ករណីរំលោភអំណាច និងបទសម្អាតប្រាក់
ភ្នំពេញ៖ នៅទីបំផុត លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប ជាប់ពាក់ព័ន្ធករណីរំលោភអំណាច និងបទសម្អាតប្រាក់ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ឱ្យដឹងថា តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប រួចហើយពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមការបញ្ជាក់របស់លោកប្លង់ សុផល តំណាងអយ្យការ។
គួររម្លឹកឱ្យដឹងថា អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា “ចំពោះសំណុំរឿងរបស់គាត់ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងករណី ចំពោះពីរ ទី១.ពីបទរំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងទី២.ពីបទលាងសម្អាតប្រាក់”។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ ការបញ្ចប់មុខតំណែងនេះ គឺមួយថ្ងៃបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ជាមួយនឹងការចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញតេឡេក្រាមថា ថ្ងៃនេះ (១២មករា) សម្តេចមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕
ដោយ៖ពលជ័យ