គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន អញ្ជើញទស្សនាប្រាសាទអង្គរ និងប្រាសាទតាព្រហ្ម នៅខេត្តសៀមរាប
(សៀមរាប)៖ គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។

សូមជម្រាបថា អង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទដែលមានប្រជាប្រិយជាងគេក្នុងប្រទេសកម្ពុជានេះ ត្រូវបានគេស្គាល់ថា ជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំបំផុត បានកសាងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្រោមស្នាដៃ ព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្នអង្គរ) ។ ប្រាសាទអង្គរវត្ត បានក្លាយជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។ ប្រាសាទនេះ ត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ ។

តាមការសិក្សាស្រាវជ្រាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានរកឃើញថា ការកសាងប្រាសាទអង្គរវត្តនេះ មានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងប្រព័ន្ធតារាសាស្ត្រ។ គ្រប់អ័ក្សទាំងអស់ នៃប៉មរបស់ប្រាសាទអង្គរ តំណាងឱ្យតារានិករ Draco (Astrological sign of Leo) ដែលជាកញ្ជុំផ្កាយមានអាយុកាលប្រមាណជាង ២លានឆ្នាំ និងស្ថិតនៅចម្ងាយ ១៩ទ្រីលានគីឡូម៉ែត្រពីភពផែនដី។ ជារៀងរាល់ឆ្នាំ ប្រាសាទអង្គរវត្ត មានព្រះអាទិត្យរះ និងលិចចំកណ្តាលកំពូលប្រាសាទ ២ ដង ក្នុងពេលវេលាដ៏ទៀងទាត់ គឺនៅថ្ងៃទី ២១-២២ ខែមីនា និងថ្ងៃទី ២២-២៣ ខែកញ្ញា ជាព្រឹត្តិការណ៍សមរាត្រី ដែលខណ្ឌចែកពេលវេលា ពេលថ្ងៃ និងពេលយប់ ស្មើគ្នា។ ក្រៅពីនេះ ស្របតាមខ្សែអ័ក្សទី៧ នៃរយៈទទឹង ដែលកាត់ជុំវិញផែនដីដូចជា ខ្សែអេក្វាទ័រ គេសង្កេតឃើញថា ប្រាសាទអង្គរវត្ត ស្ថិតនៅលើអ័ក្សតែមួយជាមួយនឹងទីក្រុងបុរាណធំៗនៅលើពិភពលោក ដូចជា ប្រាសាទពីរ៉ាមីតរបស់អេហ្ស៊ីប ប្រាង្គឈីតឆាតអ៊ីតហ្សារបស់ប្រទេសម៉ិចស៊ិច និងរូបសំណាកបុរេប្រវត្តិរបស់ប្រទេសឈីលីជាដើម។ លើសពីនេះទៅទៀត ប្រាសាទអង្គរវត្ត អាចប្រែពណ៌ពីសំរិទ្ធទៅប្រាក់ និងពីប្រាក់មកមាស ក្នុងរយៈពេលដ៏ទៀងទាត់ គឺពេលព្រឹក ពេលថ្ងៃ និងពេលរសៀល។

គួបញ្ជាក់ដែរថា ប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៤ ធ្នូ ឆ្នាំ១៩៩២ ដែលមានតម្លៃទាំងផ្នែកបញ្ញា ស្មារតី ស្ថាបត្យកម្ម និងសម្បត្តិវប្បធម៌ដ៏ល្អអស្ចារ្យ គួរជាទីស្ញប់ស្ញែង ។

ដោយឡែកនាពេលថ្មីនេះៗ ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា បានជាប់ជាកន្លែងមើល ថ្ងៃរះល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ ថ្ងៃរះ នៅក្នុងប្រទេសប្រមាណ ៧២ ជុំវិញពិភពលោក បានបង្ហាញថា ប្រាសាទអង្គរវត្ត របស់កម្ពុជា បានជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងចាត់ទុកថា ជាកន្លែងល្អបំផុតក្នុងការមើលថ្ងៃរះ ។

ជាមួយគ្នានេះ គណៈប្រតិភូបក្សកុម្មុយនីស្តចិន បានអញ្ជើញទស្សនាប្រាសាទតាព្រហ្ម ដែលមានទីតាំងនៅតាមផ្លូវវង់តូច ទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើងនៅក្នុងឆ្នាំ១១៨៦ នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតាមកពីពិមាយ(Phimai) របស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះ រុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ ដោយបានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិ ហើយស្ងើចសរសើរមិនដាច់ពីមាត់ថា ជាប្រាសាទដ៏អស្ចារ្យដែលមានដើមឈើធំៗដុះខាងក្នុង និងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះ និងជ្រៀតចូលតាមជញ្ជាំងគួរឱ្យទស្សនា។ លើសពីនោះទៅទៀត ប្រាសាទមួយនេះ ក៏មានក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រទៀតផងដែរ។ ក្នុងអំឡុងខែវិច្ឆកា ដល់ ខែកុម្ភៈ គឺជាពេលដែលសាកសមបំផុត សម្រាប់អ្នកដែលចង់ ទៅលេងប្រាសាទតាព្រហ្មនេះ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត


