ឯកឧត្តម កែវ រ៉េមី ៖ស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកន្លែងពន្ធនាគារ មានភាពល្អប្រសើរ

(ភ្នំពេញ)៖ ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា ត្រូវបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា។

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ ឯកឧត្តម កែវ រ៉េមី នេះធ្វើឡើងក្នុងជំនួបពិភាក្សា ជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូ សហភាពអឺរ៉ុប ប្រចាំ កម្ពុជា នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤នេះ ។ ក្នុងជំនួបនេះដែរបានផ្តោតលើ វឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គសមក) និង កិច្ចសហការរវាង គ.ស.ម.ក. និងសហភាពអឺរ៉ុប នាពេលអនាគត ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យ សិទ្ធិមនុស្ស។

ក្នុងពិធីនេះដែរ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ពីការរៀបចំរបាយការណ៍ នៃការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ ដោយបានពិគ្រោះយោបល់ជាមួយអន្តរក្រសួង និង ភាគីពាក់ព័ន្ធរួចរាល់ហើយ និងត្រៀមដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងសម្រេច មុន នឹងបញ្ជូនទៅក្រសួងការបរទេសនិងហប្រតិបត្តិការអន្តរជាតិ ដើម្បីបន្តនីតិវិធី។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលផ្អែកលើគោលការណ៍ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបានសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពី ភាគីពាក់ព័ន្ធ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានជួប ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្ដម Igor Driesmans បានថ្លែងអំណរគុណចំពោះ ឯកឧត្តម កែវ រ៉េមី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្ដម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និង បានកោតសរសើរពីកិច្ចខិតខំរបស់ គសមកក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅប្រទេស កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះសំណើរបស់ ឯកឧត្តមទេស រដ្ឋមន្ត្រី លើ ការពង្រឹងកិច្ចសហការរវាង គស.ម.កនិងស្ថានប្រតិភូអឺរ៉ុបប្រចាំប្រទេស កម្ពុជា រួមជាមួយនឹង OHCHR លើវិស័យសិទ្ធិមនុស្សនៅកម្ពុជា ៕

អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖ គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner