សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះក្រុមហ៊ុន Puy Du Fou ក្នុងការ បង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា

(ទីក្រុងប៉ារីស)៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia ចូលជួបសម្តែងការគួរសម ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅក្នុងប្រទេសកម្ពុជា និងជម្រាបអំពីគម្រោង “Immersive Angkor” ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា ។ គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និង អាចផ្តល់នូវភាពងាយស្រួល សម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរ ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner