ប្រធានសមាគមនាំគ្រឿងចក្រទៅរៀបចំប្រព័ន្ធលូរំដោះទឹកក្នុងភូមិអតីតយុទ្ធជននាភូមិដងក្តារ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១៦ ខែមករា បានដឹកនាំ គ្រឿងចក្រ និងកម្លាំងទៅរៀបចំប្រព័ន្ធលូរំដោះទឹកនៅក្នុងភូមិរបស់បងប្អូន អតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា បងប្អូនអតីតយុទ្ធជន ដែល មាន ជីវភាពលំបាកខ្វះខាតគ្មានដី  គ្មានផ្ទះ បានមករស់ នៅលើដីសម្បទាន សង្គមកិច្ច  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌត  នៅឃុំក្រយា ស្រុក សន្ទុក នេះមានរយៈពេលជិតបីឆ្នាំកន្លងមកហើយ។ការរស់់នៅតែងជួបការ លំបាក នៅខែវស្សាដោយសារប្រព័ន្ធរំដោះទឹកមិនបាន គ្រប់គ្រាន់។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានបញ្ជាក់ថា ក្នុងនាមមន្ទីរអភិវឌ្ឍន៍ជនបទ និងក្នុងនាមអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងខិតខំពុះពារកែសម្រួល ប្រព័ន្ធប្រឡាយទឹក និងរៀបចំប្រព័ន្ធលូនៅតាមខ្នងផ្ទះមួយចំនួន ដែល រងផលប៉ះពាល់បណ្ដាលឱ្យទឹកជន់លិចក្នុងរដូវវស្សាកន្លងមក ដើម្បីធ្វើ យ៉ាងណាក្នុងរដូវស្សាខាងមុខនេះកុំឱ្យមានទឹកជនលិចបន្តទៅទៀត៕ ដោយ៖ ប៊ុន រដ្ឋា

ads banner