បារាំងនឹងបញ្ជូនមីស៊ីលចម្ងាយឆ្ងាយចំនួន ៤០គ្រាប់បន្ថែមទៀតដល់អ៊ុយក្រែន
ប៉ារីស៖ មេដឹកនាំបារាំង នៅថ្ងៃអង្គារនេះ និយាយថា ប្រទេសរបស់លោកនឹងផ្តល់កញ្ចប់ជំនួយយោធាជុំថ្មីដល់អ៊ុយក្រែន ជាមួយនឹងមីស៊ីលចម្ងាយឆ្ងាយ SCALP ចំនួន ៤០គ្រាប់បន្ថែមទៀត រួមទាំងគ្រាប់បែករាប់រយគ្រាប់ ដើម្បីប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រាប់អ្នកយកព័ត៌មានក្នុងសន្និសិទកាសែតថា អាទិភាពរបស់អឺរ៉ុប ត្រូវតែមិនអនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្គ្រាមឡើយ ហើយប្រកាសថា លោកនឹងធ្វើទស្សនកិច្ចថ្មីទៅកាន់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈខាងមុខ។

លោក ម៉ាក្រុង បាននិយាយយ៉ាងដូច្នេះថា ការអនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន មានន័យស្មើនឹងការទទួលស្គាល់ការរំលោភបំពានលើច្បាប់អន្តរជាតិ។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ប្រទេសបារាំងកំពុងធ្វើការលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីថ្មីមួយជាមួយអ៊ុយក្រែន ដើរតាមខ្សែបន្ទាត់នៃកិច្ចព្រមព្រៀងដែលទើបសម្រេចបាន រវាងអ៊ុយក្រែន និងអង់គ្លេសនាពេលថ្មីៗនេះ ដោយរូបលោកនឹងប្រកាស ក្នុងអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងគៀវ នាខែកុម្ភៈខាងមុខ។
គួរបញ្ជាក់ផងដែរថា ក្រៅពីការផ្តល់ជំនួយយោធា ប្រទេសបារាំងក៏បានចំណាយប្រាក់ច្រើនជាង ៦៣០លានអឺរ៉ូ ឬប្រហែល ៦៧៣លានដុល្លារកាលពីឆ្នាំ ២០២២ ផងដែរ សម្រាប់ការធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនជិត ១១៥,០០០នាក់ ដែលបានភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការចំណាយសម្រាប់កម្មវិធីដ៏សប្បុរសនេះ មានចំនួនរហូតដល់ ៦៣៤លានអឺរ៉ូ ឬប្រហាក់ប្រហែល ៦៧៣លានដុល្លារអាមេរិក ដោយភាគច្រើនវាត្រូវបានចំណាយលើលំនៅដ្ឋាន២៥០លានអឺរ៉ូ និងការទូទាត់សាច់ប្រាក់ ២២០លានអឺរ៉ូ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា