ចិនប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត បន្ទាប់ពីចំនួនប្រជាជនធ្លាក់ចុះក្នុងឆ្នាំ ២០២៣
ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងក្នុងថ្ងៃពុធនេះថា ចំនួនប្រជាជនរបស់ប្រទេសចិន បានថមថយក្នុងឆ្នាំ ២០២៣ ហើយបានបន្តធ្លាក់ចុះបន្ទាប់ពីកើនឡើងជាង ៦ទសវត្សរ៍កន្លងមក ខណៈដែលប្រទេសចិនកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដែលកំពុងកើនឡើង។
បន្ទាប់ពីឥណ្ឌាវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកកាលពីឆ្នាំមុន ឥឡូវនេះចិនកំពុងព្យាយាមជំរុញអត្រាកំណើតដែលធ្លាក់ចុះ តាមរយៈការឧបត្ថម្ភធន និងការឃោសនាគាំទ្រការមានកូនជាដើម។ ការិយាល័យស្ថិតិជាតិរបស់ទីក្រុងប៉េកាំង (NBS) ក្នុងថ្ងៃពុធនេះបញ្ជាក់ថា នៅចុងឆ្នាំ ២០២៣ ចំនួនប្រជាជនជាតិចិនមានចំនួន ១,៤០៩.៦៧លាននាក់។
ការធ្លាក់ចុះកាលពីឆ្នាំមុន គឺច្រើនជាងពីរដង បើធៀបនឹងការធ្លាក់ចុះដែលបានរាយការណ៍ក្នុងឆ្នាំ ២០២២។ បន្ថែមលើនេះ ប្រទេសចិនបានបាត់បង់មនុស្ស (ស្លាប់) ចំនួន ៨៥០,០០០នាក់ ខណៈដែលចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦០។ បើតាមការិយាល័យ NBS ក្នុងឆ្នាំ ២០២៣ ចំនួនកំណើតមានប្រមាណ ៩.០២លាននាក់ ធ្លាក់ចុះពី ៩.៥៦លានកំណើតក្នុងឆ្នាំ ២០២២។
ប្រទេសចិនបានបញ្ចប់ “គោលនយោបាយកូនតែមួយ” ដ៏តឹងរ៉ឹងរបស់ខ្លួន ដែលបានដាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ស្របពេលព្រួយបារម្ភថា ចំនួនប្រជាជនច្រើនពេកនៅឆ្នាំ ២០១៦ ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យគូស្នេហ៍មានកូនបីនាក់វិញ នៅឆ្នាំ ២០២១។
ប៉ុន្តែការសម្រេចចិត្តនោះបានបរាជ័យ ក្នុងការបញ្ច្រាសការធ្លាក់ចុះចំនួនប្រជាសាស្រ្ត សម្រាប់ប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្មដ៏ច្រើន ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចនេះ។ មនុស្សជាច្រើនបានស្តីបន្ទោសការធ្លាក់ចុះអត្រាកំណើត លើការកើនឡើងតម្លៃនៃការរស់នៅ ក៏ដូចជាការកើនឡើងចំនួនស្ត្រីដែលចូលរួមទៅក្នុងកម្លាំងពលកម្ម និងស្វែងរកការអប់រំខ្ពស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


