អាជ្ញាធរជាតិអប្សរា អំពាវនាវដល់អ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរឱ្យចតក្នុងចំណតត្រឹមត្រូវ

ភ្នំពេញ៖ នៅថ្ងៃនេះមន្រ្តីអាជ្ញាធរជាតិអប្សរាបានសំណូមពរដល់អ្នកបើករថយន្តគ្រប់ធុននិងរ៉ឺម៉កដឹកភ្ញៀវទេស​ចរ​សូមទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវ។  

លើបណ្ដាញសង្គមផ្លូវការ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែអ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។ ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។

កញ្ញា នៅ ចិន្តា បន្តថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភាររបស់ខ្លួន ប៉ុន្តែ នៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង។ បញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិមិនសប្បាយចិត្ត។

ប្រភពដដែលបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា សំណូមពរដល់ក្រុមអ្នកបើកបររយានយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវទាំងអស់ សូមមេត្តាយោគយល់ និងសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាងណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានប្រសើរ ព្រមទាំងជាការជួយលើកតម្លៃនៃជនជាតិខ្មែរ ព្រមទាំងអង្គររបស់ខ្មែរឱ្យបានស័ក្ដិសមសម្បត្តិបេតិកភណ្ឌ ដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកនេះផង។ ហើយសូមភ្ញៀវទេសចរជាតិទាំងអស់ ដែលបាននាំគ្រួសារមកលេងអង្គរ មាននំចំណីអាហារយកមកទទួលទាននៅតាមតំបន់ឧទ្យានអង្គរ សូមជួយរក្សាបរិស្ថានឱ្យបានស្អាត ដោយពិសាររួចហើយសូមកុំបោះសំរាម ឬក៏ថង់ប្លាស្ទិកចោលរាយប៉ាយនៅតាមទីសាធារណៈ និងឧទ្យានអង្គរ៕

(ប្រភពអាជ្ញាធរជាតិអប្សរា)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner