សហរដ្ឋអាមេរិកកម្ទេចមីស៊ីល ១៤គ្រាប់របស់ក្រុមហ៊ូទីនៅយេម៉ែន

វ៉ាស៊ីនតោន៖ យោធាអាមេរិកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ និយាយថា កងកម្លាំងខ្លួនបានបំផ្លាញមីស៊ីលចំនួន ១៤គ្រាប់ ដែលត្រៀមរួចរាល់ក្នុងការវាយប្រហារ នៅក្នុងប្រទេសយេមែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនចាត់ទុកក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ជា “ក្រុមភេរវករសាជាថ្មី”។

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាមេរិកបានធ្វើប្រតិបត្តិការកម្ទេចមីស៊ីលចំនួន ១៤គ្រាប់នៅឯទីតាំងផ្ទុកគ្រាប់មីស៊ីលដើម្បីវាយប្រហារ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេមែន។

ទីបញ្ជាការ CENTCOM បន្ថែមថា មីស៊ីលដែលត្រៀមបាញ់ឆាប់ៗនេះ នឹងបង្កការគំរាមកំហែងដល់នាវាពាណិជ្ជករ និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ ទើបជំរុញឱ្យកងកម្លាំងអាមេរិកអនុវត្តសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារខ្លួន។ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកក៏ចាត់ថ្នាក់ក្រុមឧទ្ទាមហ៊ូទី ជា “ក្រុមភេរវករសាជាថ្មី” បន្ទាប់ពីបានលុបឈ្មោះក្រុមនេះ ចេញពីបញ្ជីអង្គការភេរវកម្មរបស់ខ្លួនកាលពីឆ្នាំ ២០២១។

ការសម្រេចចិត្តខាងលើ កើតឡើងចំពេលដែលក្រុមឧទ្ទាមយេម៉ែនមួយនេះ នៅតែបន្តសកម្មភាពវាយប្រហារនាវាពាណិជ្ជកម្ម និងនាវាយោធានៅឯតំបន់សមុទ្រក្រហម។ ក្រុមហ៊ូទីបានអះអាងថា ការវាយប្រហាររបស់ខ្លួននៅសមុទ្រក្រហម គឺដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងរងគ្រោះក្នុងសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទី្រប៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner