យុវជនរាប់រយនាក់បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើក បវេសនកាលវគ្គទី១
ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ មករា ឆ្នាំ២០២៣ ថា យុវជនរាប់រយនាក់ នៅតែបន្តមកចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាបន្តបន្ទាប់ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១ ប្រព្រឹត្តទៅ យ៉ាងរលូននៅទូទាំងប្រទេស ។
បើតាមឯកឧត្តម ក្រសួងការងារ បានបើកបវេសនកាល នៃការបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ថ្មីៗកន្លង ទៅ ដែលក្នុងនោះមានសិស្សចំនួន ១៥០០០នាក់ ត្រូវបានបែងចែកជា ៥០០ថ្នាក់ បច្ចេកទេសនៅទូទាំងប្រទេស។
ឯកឧត្តមបន្តថា៖«បន្ទាប់ពីបើកវគ្គនៃការបណ្តុះបណ្តាលដំបូងនេះរួច នៅតាមវិទ្យា ស្ថាន បណ្តុះបណ្តាល បច្ចេកទេសនៅទូទាំងប្រទេស នៅតែទទួលបានយុវជនបាន មកចុះឈ្មោះចូលរៀនជំនាញជាបន្តបន្ទាប់នៅទូទាំងប្រទេសដដែល ខណៈគិត ត្រឹមថ្ងៃទី១៨ មករានេះក្រសួងការងារទទួលបានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៣២៧នាក់ហើយ»។
ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារបានបើកបវេសនកាលវគ្គទី១ ជាផ្លូវការរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែនៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេក ទេសនៅទូទាំងប្រទេសនៅតែបន្តទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជនដែលមិនទាន់បានចុះឈ្មោះវគ្គទី១នៅតែ អាចមកចុះឈ្មោះចូលរៀនជំនាញនេះបានជារៀងរាល់ថ្ងៃ។
ឯកឧត្តមបានអំពាវនាវឱ្យអាណាព្យាបាល និងយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានទាំងឡាយណាដែលនៅក្បែរពួកគេ។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។
គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាស បើក បវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូង ដែលមានយុវជនចំនួន ១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស ៕
ដោយ ៖ វណ្ណលុក


