២០២៤ គឺជាឆ្នាំបោះឆ្នោតដ៏មមាញឹក ខណៈពិភពលោកចាប់អារម្មណ៍ការបោះឆ្នោត ចំនួនប្រាំ

បរទេស៖ ឆ្នាំ២០២៤ នេះនឹងក្លាយជាឆ្នាំមួយ ដែលមមាញឹកបំផុត សម្រាប់ការបោះឆ្នោត ដោយក្នុងនោះ ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកនឹងត្រូវទៅបោះឆ្នោត តាមប្រទេសរបស់ពួកគេ រៀងៗខ្លួន។

ប្រទេសប្រមាណ ៣០ នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងសមាជិកសភា ផងដែរ។ ខាងក្រោមនេះជាការសង្ខេបនៃការប្រកួតប្រជែង ដែលគេតាមដានយ៉ាងខ្លាំងបំផុត លើការបោះឆ្នោត នៅប្រទេស មួយចំនួន៖

សម្រាប់ការបោះឆ្នោតនៅអាមេរិក មានសំណួរសួរថា តើលោក Donald Trump អតីតប្រធានាធិបតីនឹងអាចការប្រកួតតទល់ ជាថ្មីម្តងទៀត ជាមួយ លោក Joe Biden ដែរឬទេ? នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ប្រជាជនអាមេរិកនឹងជ្រើសរើសប្រធានាធិបតីថ្មី តាមរយៈការបោះឆ្នោត។ គេដឹងថា លោក Donald Trump កំពុងប្រជែង និងមានប្រជាប្រិយ ក្នុងបក្ស ដើម្បីមានឳកាសក្លាយជាបេក្ខភាពប្រធានាធិបតីផ្លូវការ ក៏ប៉ុន្តែ លោកក៏កំពុងប្រឈមនឹងរឿងក្តីច្រើន នៅតុលាការដែរ។ ចំពោះ លោកប្រធានាធិបតីបច្ចុប្បន្ន Joe Biden មកពីគណបក្សប្រជាធិបតេយ្យ វិញ ត្រូវបានគេបារម្ភថា មានភាពវង្វេងស្មារតី មានវ័យចាស់ពេក ក្នុងការធ្វើជាប្រធានាធិបតី ម្តងទៀត។ ប៉ុន្តែ លោកនៅតែទទួលបានការគាំទ្រ នៅក្នុងបក្ស។

សម្រាប់ការបោះឆ្នោត នៅរុស្ស៊ីវិញ តើ លោក ពូទីន នឹងបន្តជាប់ជាប្រធានាធិបតី ៦ ឆ្នាំទៀតទេ?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងដឹកនាំធ្វើសង្រ្គាមជាមួយអ៊ុយក្រែន តាមរយៈការលុកលុយលើអ៊ុយក្រែន ពីរឆ្នាំ កន្លងមកនេះ រំពឹងថា លោកនឹងជាប់ជាប្រធានាធិបតី ប្រាំមួយឆ្នាំទៀត នៅក្នុងការបោះឆ្នោត នាខែមីនា ខាងមុខនេះ។ គេដឹងថា លោក Alexei Navalny មេដឹកនាំបក្សប្រឆាំង កំពុងជាប់ពន្ធនាគាររយៈពេល ១៩ ឆ្នាំ។

សម្រាប់ការបោះឆ្នោតនៅឥណ្ឌាវិញ ប្រជាជនក្នុងប្រទេសនេះ ជិតមួយពាន់លាននាក់ គ្រោងនឹងទៅបោះឆ្នោត នៅចន្លោះខែមេសា ដល់ខែឧសភា ខណៈដែលនាយករដ្ឋមន្ត្រី លោក Narendra Modi និងគណបក្ស BJP ជាតិនិយមរបស់លោក កំពុងស្វែងរក ការគ្រប់គ្រងអំណាច សម្រាប់អាណត្តិ ទីបី។ អាជីពនយោបាយ និងជោគជ័យរបស់លោក Modi គឺផ្អែកលើការគាំទ្រពីអ្នកកាន់សាសនាហិណ្ឌូ ចំនួនមួយពាន់លាននាក់ នៅឥណ្ឌា ប៉ុន្តែ អ្នករិះគន់បាននិយាយថា បង្កឱ្យមានភាពច្របូកច្របល់ចំពោះជនជាតិភាគតិចមូស្លីមដ៏ធំ របស់ប្រទេសនេះ។

រីឯសមរភូមិនៅអឺរ៉ុបវិញ គឺការបោះឆ្នោតឆ្លងប្រទេសដ៏ធំបំផុត របស់ពិភពលោក ។ នៅខែមិថុនាខាងមុខនេះ គេនឹងឃើញមានមនុស្សជាង ៤០០លាននាក់ មានសិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោត សភាអឺរ៉ុប។

ការបោះឆ្នោតមួយទៀត គឺនៅប្រទេសមិចស៊ីក ដែលក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ។ ក្នុងនោះ មានសំណួរថា តើប្រធានាធិបតីស្ត្រីដំបូងរបស់ម៉ិកស៊ិក អាចនឹងកើតមានឬទេ?

អតីតអភិបាលក្រុងឆ្វេងនិយម លោកស្រី Claudia Sheinbaum និងស្ត្រីអ្នកជំនួញដែលមានដើមកំណើតជនជាតិដើមភាគតិច ទាំងពីរនាក់កំពុងប្រជែងគ្នា ដើម្បីបង្កើតប្រវត្តិសាស្ត្រក្នុងប្រទេសម៉ិកស៊ិក ក្នុងការបោះឆ្នោត នាខែមិថុនាខាងមុខនេះ។ ជាការបំបែកកំណត់ត្រាដែលថា ប្រទេសម៉ិកស៊ីកអាចនឹងមានប្រធានាធិបតីជាស្ត្រី លើកដំបូង ដំបូងរបស់ប្រទេសនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner