ក្រុមការងារអន្តរក្រសួង ជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយមានការលើកលែងពន្ធប្រថាប់ត្រា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុបជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។
ការឯកភាពគ្នានេះធ្វើឡើងនាកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី។
កិច្ចប្រជុំបានត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសការងាររៀបចំនិយាមនីតិវិធីប្រតិបត្តិការងារ (Standard Operation Procedure-SOP) ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជីនិងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ សំដៅធានាបាននូវការផ្តល់បណ្ណកម្មសិទ្ធិនិងការកត់ត្រាទិន្នន័យឱ្យបានឆាប់រហ័ស ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។
មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស យើងនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។
យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ផ្តោតអាទិភាពលើការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព៕
ដោយ ៖ គ្រី សម្បត្តិ





