សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្មវិធី “សំណេរអង្គរ”គឺជាការ តម្កើងអក្សរសាស្ត្រ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរដល់ជ័យលាភីទាំង៣រូប នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ “សំណេរអង្គរ” ក្រោម ប្រធានបទ”អង្គរអាណាចក្រនៃអរិយធម៌ខ្មែរ”។សម្ដេចបានចាត់ ទុកកម្មវិធីនេះជាការ ពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យកាន់ ផុលផុស បន្ថែមទៀត ។
យោងតាមលទ្ធផលប្រកាសដោយគណៈកម្មការបានបង្ហាញថា បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ នៃកម្មវិធី សរសេរ តាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ បេក្ខជនរូបនេះ សរសេរ ខុសតែ២ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអាន ថ្នាក់ជាតិរបស់ខ្លួន ខណៈបេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ និងជ័យលាភីលេខ៣បេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងរបស់ខ្លួន ដែលបាន ប្រារព្ធនៅ ស្ពានហាល ប្រាសាទ អង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថាកម្មវិធី«សំណេរអង្គរ» ក្រោមប្រធានបទ “អង្គរអាណាចក្រនៃ អរិយធម៌ខ្មែរ” មានបេក្ខជនចូលរួមប្រឡង សសេរ តាម អាន ប្រមាណ ៧០០នាក់ ក្នុងនោះក៏មានព្រះសង្ឃជាច្រើន អង្គផង ដែរ។កម្មវិធីនេះរៀបចំក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាង ដោយលោក លីម ប៊ុនហុក និងគាំទ្រដោយក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,ក្រសួងទេសចរណ៍, អាជ្ញាធរ ជាតិ អប្សរា, សាកលវិទ្យាល័យអង្គរជាដើម។លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ គឺជាអ្នក អានសំណេរ សសេរ តាមអានដោយផ្ទាល់។ការប្រឡងសរសេរបានប្រព្រឹត្តទៅ នៅពេលព្រឹក និងពេលរសៀលប្រកាសលទ្ធផល។

លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការសម្ដេចធិបតីបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និង ជំរុញ ទឹកចិត្តឱ្យកូនខ្មែរកាន់តែ ស្រឡាញ់ អក្សរសាស្ត្រខ្មែរ ព្រមទាំង ផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែល ផ្សារភ្ជាប់នឹងតថភាពវប្បធម៌ ដ៏ល្អល្អះ របស់ព្រះរាជាណាចក្រកម្ពុជា ។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ច កោណ -ដំណាក់ កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការ អភិវឌ្ឍ នូវមូលធនមនុស្ស ដែលជាកាតាលីករ មិន អាចខ្វះបាន ក្នុងការ ធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យ កម្ពុជា២០៣០ និងមហិច្ឆតាក្លាយ ជាប្រទេស មានចំណូល ខ្ពស់ក្នុង ឆ្នាំ២០៥០របស់ កម្ពុជា ។
សម្ដេចបន្តថា នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោត សំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្ត ពង្រឹង គុណភាព អប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើត បរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ។

សម្ដេចធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិក ព្រឹត្តិការណ៍សំណេរអង្គរតំណាងដោយលោក លីម ប៊ុនហុក ដែលបាន សហការបង្កើតកម្មវិធី “សំណេរអង្គរ”ប្រកបដោយ ស្មារតីក្នុងការ ពង្រឹង បន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គី ភាព ក៏ដូចជា លើក តម្កើងអក្សរសាស្ត្រ ឱ្យកាន់ផុលផុសបន្ថែម ទៀត ។
សូមរំលឹកផងដែរ ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជ័យ លាភីនិទ្ទេស A កាលពីពេលកន្លងទៅថ្មីៗសម្ដេចធិបតី បាន ផ្តាំផ្ញើ ដល់សិស្សានុសិស្សថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ” ។
លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធី«សំណេរអង្គរ» បានឱ្យដឹងថា នាថ្ងៃប្រឡងនេះ បេក្ខជនខ្លះមានអាយុ១២ ក៏មាន ឯបេក្ខជន ខ្លះអាយុ៦០ឆ្នាំក៏មាន។ វាជាចលនានៃការចាប់ផ្តើមមួយដ៏ល្អ ដោយសារនេះជាការសរសេរតាមអានថ្នាក់ជាតិលើកទី១ ហើយអ្វី ដែលចង់បំផុសក្នុងកម្មវិធីនេះ គឺប្រជាជនខ្មែរ កាន់តែយល់ដឹង និងលើកកម្ពស់ឱ្យតម្លៃអក្សរសាស្រ្តខ្មែរ៕





ដោយ៖វណ្ណលុក