ក្រុមហ៊ុនជប៉ុន Sony ផ្តាច់ទំនាក់ទំនងជាមួយទូរទស្សន៍ Zee របស់ឥណ្ឌា
បរទេស៖ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹង នៅថ្ងៃចន្ទ ទី២២ ខែមករានេះ ថា ក្រុមហ៊ុនអេឡិកត្រូនិកដ៏ធំរបស់ជប៉ុន Sony កំពុងព្យាយាមដកខ្លួនចេញពីការ ប្របាច់បញ្ចូលគ្នា ជាមួយនឹងទូរទស្សន៍ដ៏ល្បី នៅប្រទេសឥណ្ឌា មានឈ្មោះថា Zee។
កិច្ចសហការនេះមានទំហំវិនិយោគ១០ពាន់លានដុល្លារ ដែលគេធ្លាប់សង្ឃឹមថា នឹងអាចប្រជែងជាមួយបណ្តាក្រុមហ៊ុនធំៗផ្សេងទៀត ដូចជា Disney, Amazon និង Netflix នៅក្នុងទីផ្សារកម្សាន្ត ដែលទាក់ទាញអ្នកគាំទ្រ រហូតដល់ ១.៤ពាន់លាននាក់។ គេក៏ធ្លាប់រំពឹងថា កិច្ចសហការនេះនឹងផ្តល់ចំណូលត្រលប់មកវិញ ជិត២ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ទីភ្នាក់សារព័ត៌មាន Bloomberg និងកាសែត Economic Times របស់ឥណ្ឌា បានចេញផ្សាយថា ក្រុមហ៊ុន Sony បានផ្ញើការជូនដំណឹងអំពីការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ទៅឲ្យខាងភាគី ក្រុមហ៊ុន Zee ហើយថា ការប្រកាសបញ្ចប់ជាផ្លូវការ ត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើង នាពេលឆាប់ៗ ខាងមុខនេះ។ ក្រុមហ៊ុន Sony បានលើកឡើងពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចូលគ្នា ដែលមិនត្រូវបានបំពេញបាន គឺជាហេតុផលសម្រាប់ការសម្រេចចិត្តបញ្ចប់ នេះបើយោងតាមលិខិត ដែលចេញផ្សាយដោយ Bloomberg ។
យ៉ាងណាមិញ ក្រុមហ៊ុនយក្សរបស់ជប៉ុន Sony បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលដែលត្រូវបានភ្នាក់ងាររបស់ AFP ទាក់ទងទៅ។
បើតាមប្រភពពីខាងក្រុមហ៊ុនជប៉ុន ដែលសុំមិនបញ្ចេញឈ្មោះ ធ្លាប់បានប្រាប់ AFP កាលពីសប្តាហ៍មុនថា ការបិទកិច្ចព្រមព្រៀងនេះមានបញ្ហា ដោយសារតែខាងក្រុមហ៊ុន Sony ត្រូវបានគេរាយការណ៍ថា មិនចង់ឱ្យ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zee លោក Punit Goenka ដែលកំពុងប្រឈមមុខនឹងការស៊ើបអង្កេតបទប្បញ្ញត្តិ ធ្វើជានាយកប្រតិបត្តិដឹកនាំអង្គភាពរួមបញ្ចូលគ្នានេះ។ លើសពីនេះ ក្រុមហ៊ុន Sony មានការព្រួយបារម្ភអំពីការធ្លាក់ចុះប្រាក់ចំណេញ នៅ Zee ចាប់តាំងពីឆ្នាំ២០២១។
គួរបញ្ជាក់ថា ទីផ្សារកម្សាន្តរបស់ប្រទេសឥណ្ឌាដែលមានតម្លៃរាប់សិបពាន់លានដុល្លារ គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក ហើយការវិវឌ្ឍនៃស្មាតហ្វូនត្រូវបានគេព្យាករណ៍ថា ទីផ្សារកម្សាន្តនេះនឹងពង្រីកបន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕ ប្រភព AFP ប្រែសម្រួល សារ៉ាត
