ចំណងជើង៖ ប្រជាជនអាហ្វហ្គានីស្ថាន ជាងកន្លះលាននាក់ភៀសខ្លួនចេញពីប៉ាគីស្ថាន
កាប៊ុល៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅថ្ងៃចន្ទទី២២ ខែមករានេះ និយាយថា ជនជាតិអាហ្វហ្គានីស្ថានជាង ៥០០,០០០នាក់បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ៤ខែកន្លងមកនេះ ចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបញ្ជាឱ្យជនចំណាកស្រុក ដែលគ្មានឯកសារចាកចេញពីប្រទេសខ្លួន ឬត្រូវប្រឈមមុខនឹងការចាប់ខ្លួន។
តួលេខចុងក្រោយដែលរាយការណ៍ដោយទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ជនជាតិអាហ្វហ្គានីស្ថានចំនួន ៥០០,២០០នាក់បានចាកចេញពីប៉ាគីស្ថាន នៅចន្លោះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
ពួកគេភាគច្រើនប្រញាប់ប្រញាល់ចាកចេញទៅកាន់ព្រំដែន ពោលគឺប៉ុន្មានថ្ងៃ មុនដល់ពេលកំណត់ថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំមុន ដែលប៉ាគីស្ថានបានកំណត់ ឱ្យជនជាតិអាហ្វហ្គានីស្ថានចំនួន ១.៧លាននាក់ ដែលខ្លួននិយាយថា កំពុងរស់នៅដោយខុសច្បាប់។ ទន្ទឹមគ្នា ប៉ាគីស្ថានបានការពារការបង្រ្កាបនេះ ក្រោមហេតុផលព្រួយបារម្ភផ្នែកសន្តិសុខក្នុងតំបន់របស់ខ្លួនជាប់ព្រំដែនអាហ្វហ្គានីស្ថាន និងសម្ពាធសេដ្ឋកិច្ចដែលពួកគេកំពុងតស៊ូជំនះ។
ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន កាន់តែមានភាពរកាំរកូសក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដោយទីក្រុងអ៊ីស្លាម៉ាបាដបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់ថា បានបរាជ័យក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធ ដែលវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន មានប្រភពចេញពីទឹដីរបស់អាហ្វាហ្គានីស្ថាន។
ប៉ុន្តែទីក្រុងកាប៊ុល តែងតែបដិសេធការចោទប្រកាន់នេះ។ ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ដែលភៀសខ្លួនចេញពីជម្លោះ បានហូរចូលទៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ រួមទាំងប្រហែល ៦០០,០០០នាក់ ចាប់តាំងពីក្រុមតាលីបង់បានបណ្តេញរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិកពីអំណាច និងអនុវត្តដ៏តឹងរឹងចំពោះច្បាប់អ៊ីស្លាម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

