តៃវ៉ាន់ចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាមួយឆ្នាំ
តៃប៉ិ៖ ក្រុមទាហានថ្មីចំនួន ៦៧០នាក់ដំបូងចុះពីលើឡានក្រុង ដើរឆ្ពោះទៅកាន់ជួរក្រុមជាងកាត់សក់ ដែលកំពុងរង់ចាំកាត់សក់ពួកគេ ដើម្បីត្រៀមចូលបម្រើយោធារយៈពេលមួយឆ្នាំ។
អ្នកជ្រើសរើសថ្មីដែលមកដល់ទីក្រុង Taichung ភាគខាងលិចកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ គឺជាក្រុមទាហានដំបូងដែលចូលរួមក្នុងការបំពេញកាតព្វកិច្ចយោធារយៈពេលមួយឆ្នាំរបស់កោះតៃវ៉ាន់ ខណៈពីមុន មានរយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ។
ការអូសបន្ថាយរយៈពេលបំពេញកាតព្វកិច្ចនេះ ត្រូវបានប្រកាសជាលើកដំបូងនៅឆ្នាំ២០២២ ហើយក៏ជាផ្នែកមួយនៃផែនការរបស់អតីតប្រធានាធិបតីតៃវ៉ាន់ លោកស្រី តៃ្ស អ៊ីងវិន ក្នុងការពង្រឹងការការពារកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ នៅចំពោះមុខការគំរាមកំហែងកើនឡើងផ្នែកយោធាពីប្រទេសចិន។
យោងតាមផែនការប្រកាសកន្លងមក ក្រុមអ្នកដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា នឹងឆ្លងកាត់វគ្គហ្វឹកហាត់ ដែលលំបាក និងសកម្មខ្លាំងជាងមុន ក្នុងនោះមានទាំងការហាត់បាញ់អាវុធ ការសិក្សាមេរៀនសមរភូមិ ដែលប្រើប្រាស់ដោយយោធាអាមេរិក និងការធ្វើប្រតិបត្តិការអាវុធដែលមានអានុភាពខ្ពស់ ដូចជាមីស៊ីលប្រឆាំងយន្តហោះ Stinger និងមីស៊ីលប្រឆាំងរថក្រោះជាដើម។
ទោះបីជាកោះតៃវ៉ាន់មានរដ្ឋាភិបាល រូបិយប័ណ្ណ និងយោធាផ្ទាល់ខ្លួនក៏ដោយ ក៏ប្រទេសចិនបានទាមទារកោះនេះ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កើនវោហាសាស្ត្រនៃ “ការបង្រួបបង្រួម” ជារឿងជៀសមិនរួច។ ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីព្យាយាម និងនាំយកតៃវ៉ាន់មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយបានរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





