ព្យុះស៊ីក្លូន Kirrily វាយប្រហារអូស្រ្តាលី ធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់
កង់បេរ៉ា៖ ព្យុះស៊ីក្លូនប្រភេទទី៣ ដ៏មានឥទ្ធិពលមួយ បោកបក់ចូលភាគឦសានប្រទេសអូស្ត្រាលី នាល្ងាចថ្ងៃព្រហស្បតិ៍ទី២៥ ខែមករានេះ ធ្វើឱ្យផ្ទះសម្បែងរាប់ម៉ឺនខ្នងគ្មានអគ្គិសនីប្រើប្រាស់។
ព្យុះស៊ីក្លូនត្រូពិច Kirrily បានបោកបក់ក្នុងល្បឿនជាង ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលវាវាយប្រហារលើទីក្រុង Townsville ដែលជាផ្ទះរបស់មនុស្សប្រមាណ ១៨០,០០០នាក់ មុនពេលថមថយកម្លាំងវិញយ៉ាងឆាប់រហ័ស។
សេវាសង្គ្រោះបន្ទាន់និយាយថា ទោះបីធ្វើឱ្យមានខ្យល់បក់ខ្លាំងក៏ដោយ ក៏ព្យុះស៊ីក្លូននេះ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ និងមិនបណ្តាលឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ។ ប៉ុន្តែផ្ទះសម្បែងប្រហែល ៦៤,០០០កន្លែងគ្មានអគ្គិសនីប្រើប្រាស់ ហើយអ្នកស្រុកត្រូវបានអាជ្ញាធរណែនាំឱ្យដាំទឹក ដើម្បីធានាថា វាមានសុវត្ថិភាពក្នុងការបរិភោគ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន ព្យុះស៊ីក្លូនត្រូពិច Jasper បានវាយប្រហារភាគឦសាននៃប្រទេសអូស្ត្រាលី ដោយបានជន់លិចផ្លូវហាយវេធំៗ និងបាក់រលំដើមឈើជាច្រើន។
អូស្ត្រាលីស្ថិតនៅក្រោមឥទ្ធិពលនៃបាតុភូត El Nino នៅរដូវក្តៅនេះ ដែលអាចបង្កឲ្យមានគ្រោះមហន្តរាយ រាប់ចាប់តាំងពីភ្លើងឆេះព្រៃរហូតដល់ព្យុះស៊ីក្លូនត្រូពិច និងគ្រោះរាំងស្ងួតក្នុងរយៈពេលវែង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា