ប្រមុខអង្គការសហប្រជាជាតិអង្វរប្រទេសម្ចាស់ជំនួយ បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA នៅហ្គាហ្សា

ហ្គាហ្សា៖ អគ្គលេខាអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស កាលពីថ្ងៃអាទិត្យ សន្យាថា នឹងស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់ ជុំវិញរឿងបុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) ជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល នៅថ្ងៃទី០៧ ខែតុលា។ ប៉ុន្តែលោកបានអង្វរករដល់ប្រទេសម្ចាស់ជំនួយ បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ ដើម្បីជួយប្រជាជនដែលត្រូវការជំនួយជាចំាំបាច់។

ប្រទេសម្ចាស់ជំនួយធំៗជាច្រើននិយាយថា ពួកគេនឹងផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់ថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារនេះ ជាប់ទាក់ទិននឹងការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី០៧ ខែតុលា។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រចាំដែនដីប៉ាឡេស្ទីន (UNRWA) សម្រេចបណ្តេញបុគ្គលិករបស់ខ្លួនជាច្រើននាក់ ហើយសន្យានឹងបើកការស៊ើបអង្កេតហ្មត់ចត់ ជុំវិញការចោទប្រកាន់ថា បុគ្គលិកខ្លួនមួយចំនួន មានជាប់ពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។

ទាក់ទិននឹងបញ្ហានេះដែរ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស្វីស និងហ្វាំងឡង់ ក្នុងថ្ងៃសៅរ៍សប្តាហ៍មុន បានចូលរួមជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ផ្អាកផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA ដែលជាប្រភពដ៏សំខាន់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា។

ប្រធានទីភ្នាក់ងារ UNRWA លោក Philippe Lazzarini ប្តេជ្ញាថា នឹងទទួលខុសត្រូវចំពោះរឿងនេះ រួមទាំងគាំទ្រការកាត់ទោសព្រហ្មទណ្ឌលើបុគ្គលិកទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធក្នុង “អំពើភេរវកម្ម”៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner