ប្រទេសឡាវស្វាគមន៍ការចូលរួមរបស់មីយ៉ាន់ម៉ាកាន់តែច្រើន ក្នុងកិច្ចប្រជុំអាស៊ាន
វៀងចន្ទន៍៖ រដ្ឋមន្ត្រីការទេសឡាវ បាននិយាយថា ប្រទេសឡាវ ដែលជាប្រធានអាស៊ាន បានស្វាគមន៍វត្តមានភាគីមីយ៉ាន់ម៉ាកាន់តែច្រើន ក្នុងកិច្ចពិភាក្សាថ្នាក់តំបន់នេះ។ ប៉ុន្តែ មេដឹកនាំរបបយោធារបស់មីយ៉ាន់ នៅតែត្រូវបានរារាំង មិនឲ្យចូលរួមកិច្ចប្រជុំកម្រិតកំពូល។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាវ លោក Saleumxay Kommasith បាននិយាយថា សមាជិកអាស៊ានមានសុទិដ្ឋិនិយមបន្តិចដែលថា ការចូលរួមរបស់មីយ៉ាន់ម៉ា គឺអាចដំណើរការបាន។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានរងនូវជម្លោះ ក្នុងប្រទេស បន្ទាប់ពីរដ្ឋប្រហារយោធា ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ យ៉ាងណាមិញ ក្រុមយោធានេះហាក់រងនូវការបរាជ័យ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតែមានការបះបោរ ពីសំណាក់ក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដែលកំពុងគ្រប់គ្រងបានមកវិញ នៅតំបន់ភាគខាងជើង។
នៅឆ្នាំ២០២៤នេះ ប្រទេសឡាវកំពុងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦។
ប្រទេសឡាវក៏បានប្រើប្រាស់កិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២៩ ខែមករា ដើម្បីជំរុញឱ្យមានការចូលរួម ឲ្យបានច្រើនបន្ថែមទៀត ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសឡាវបានប្រកាសស្វាគមន៍ការចូលរួមរបស់មីយ៉ាន់ម៉ា។ លោកបាននិយាយ ដោយដាក់ក្តីសង្ឃឹមថា នឹងមានការរីកចម្រើន ទោះបីជាលោកគិតថា មិនអាចនឹងបញ្ចប់វិបត្តិ នៅមីយ៉ាន់ម៉ា យ៉ាងឆាប់រហ័ស ក៏ដោយ។
លោកបានមានប្រសាសន៍ថា «យើងប្រាកដថា កាលណាយើងភ្ជាប់ជាមួយមីយ៉ាន់ម៉ាកាន់តែច្រើន យល់កាន់តែច្រើន… អំពីស្ថានការណ៍ពិត ដែលកំពុងកើតឡើង ក្នុងប្រទេសមីយ៉ាន់ម៉ា»។
អាស៊ានបានរារាំងមេដឹកនាំរបបយោធារបស់មីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយ ពួកឧត្តមសេនីយបានបដិសេធការអញ្ជើញ ឱ្យបញ្ជូនអ្នកតំណាង «តែមិនមែនអ្នកនយោបាយ» ក្នុងការចូលរួម កន្លងមក។ ប៉ុន្តែ កាលពីថ្ងៃច័ន្ទ គេឃើញមាន មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមីយ៉ាន់ម៉ាឈ្មោះថា Marlar Than Htike បានចូលរួមកិច្ចពិភាក្សា នៅក្នុងទីក្រុងហ្លួងប្រាបាង ដ៏ស្រស់ស្អាត របស់ប្រទេសឡាវ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត