មន្រ្តីក្រសួងបរិស្ថាន៖ ការលើកស្ទួយបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹក និងការជួយលើវិស័យឯកជនបានជួយឱ្យពលរដ្ឋសហគមន៍មូលដ្ឋានមានទឹកស្អាតប្រើប្រាស់
ភ្នំពេញ៖តាមរយៈការជួយពីវិស័យឯកជនពិសេសការបង្ហាញពីបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹក គឺជាផ្នែកមួយដែលបានចូលរួមសម្រាប់ផ្តល់នូវឧត្តមប្រយោជន៍ដល់ពលរដ្ឋកម្ពុជា យល់ដឹង និងក៏ដូចជាផ្តល់នូវអនាម័យ និងសុខភាពល្អ។នេះជាការបញ្ជាក់របស់ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន។

ក្នុងពិធី “កម្មវិធីបង្ហាញបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹក”ដែលបានរៀបចំឡើងនាសណ្ឋាគារហៃយ៉ាត់ (HYATT)រាជធានីភ្នំពេញនាថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២៤នេះ ឯកឧត្តម មាស សុផលបានឱ្យដឹងថា កម្មវិធីថ្ងៃនេះបង្ហាញពីឧបករណ៍បច្ចេកវិទ្យាចម្រោះទឹកដំណើរការដោយសម្ពាធទំនាញផែនដីរបស់ក្រុមហ៊ុនអាម៉ូ(AMO)ដល់ស្ថាប័នរដ្ឋពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលដែលបម្រើលើការងារទឹកស្អាត និងអនាម័យនៅប្រទេសកម្ពុជា។វាជាការបង្ហាញពីការអនុវត្តបច្ចេកវិទ្យាបៃតង សម្អាតទឺក និងអនាម័យដើម្បីកាត់បន្ថយការបញ្ចេញកាបូននិងរក្សានិរន្តភាពបរិស្ថាន និងពិភាក្សាលើកម្មវិធីផ្តល់ហេរញ្ញប្បទានឬមូលនិធិទាក់ទិនវិស័យបរិស្ថាននៃការប្រែប្រួលអាកាសធាតុសម្រាប់ផ្តត់ផ្គង់ទឹកស្អាតនៅកម្ពុជា។

ឯកឧត្តមបញ្ជាក់បន្ថែមថា៖”នៅពេលយើងរក្សាបានព្រៃ និងគម្របព្រៃបានច្រើននោះទឹកទាំងលើដី និងក្រោមដីវាមាននិរន្តភាពក្នុងការទុកប្រើប្រាស់បានគ្រប់វិស័យ។បើយើងក្រឡេកមើលពីឧបករណ៍របស់ក្រុមហ៊ុននេះដែរយើងអាចចម្រោះប្រើប្រាស់បានគ្រប់បែប។ឧបករណ៍នេះងាយស្រួលដល់ការប្រើប្រាស់ក្នុងចំណោមប្រជាពលរដ្ឋ។ឧបករណ៍នេះមិនចាំបាច់ប្រើប្រព័ន្ធអគ្គិសនី។យើងអាចរក្សានិងសម្អាតបានល្អ។អញ្ចឹងវាស៊ីច្រវាក់គ្នារវាងគោលនយោបាយនិងភាពជាក់ស្តែង។ក្រុមហ៊ុនបានផ្តួចផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងចំនួន២ខេត្ត និងឈានដល់ការសាកល្បង ក៏ដូចជាដាក់ឱ្យប្រើប្រាស់ដល់ខេត្តផ្សេងៗទៀត”។
ឯកឧត្តមបានថ្លែងថាតាមរយៈការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនអាម៉ូ(AMO)ទាក់ទិនទៅនឹងបច្ចេកវិទ្យាបៃតង និងភាពស្អាតដើម្បីចូលលរួមកាត់បន្ថយក្លិន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុដែលផ្តល់ដំណោះស្រាយទឹកកខ្វក់ដោយនិរន្តភាពតាមការអនុវត្តតាមរយៈប្រព័ន្ធចម្រោះទឹកត្រូវបានដំឡើងនិងប្រើប្រាស់ក្នុងប្រទេសកម្ពុជាចាប់តាំងតែពីឆ្នាំ ២០១៧មក។មកដល់ពេលនេះប្រព័ន្ធចម្រោះទឹកនៅតាមសហគមន៍ចំនួន៦ និងប្រព័ន្ធចម្រោះទឹកតាមលំនៅឋានទំហំ ៣២ត្រូវបានដាក់ឱ្យប្រើប្រាស់នៅខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។ជាងនេះទៀតក្រសួងបរិស្ថានបានផ្តល់នូវម៉ាស៊ីនចម្រោះទឹកស្អាតដល់សាលារៀន តាមបណ្តាខេត្ត តាមសហគមន៍មូលដ្ឋាន នៃ សហគមន៍តាមតំបន់ការពារធម្មជាតិ ដើម្បីប្រើប្រាស់ក្នុងការជួយឱ្យមានសុខុមាលភាព និងសុខភាពមូលដ្ឋាន។

ឯកឧត្តមបានបញ្ជាក់ថាកម្មវិធីបង្ហាញបច្ចេកវិទ្យាបៃតងសម្រាប់សម្អាតទឹកនាពេលនេះដែរបានផ្តល់នូវសារៈប្រយោជន៍ក្នុងការចូលរួមពីក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀតក្នុងការកៀរគរហេរញ្ញប្បទាន ឬមូលនិធិដែលអាចមានការទាក់ទងនឹងវិស័យបរិស្ថានពិសេសការប្រែប្រួលអាកាសធាតុ សម្រាប់ផ្តគ់ផ្គង់ទឹកស្អាតនៅកម្ពុជា ដោយអនុវត្តនូវបច្ចេកវិទ្យាបៃតង និងស្អាតដើម្បីកាត់បន្ថយការបច្ចេញកាបូន និង រក្សានូវនិរន្តភាពបរិស្ថានរបស់យើង។
ជាមួយគ្នានេះឯកឧត្តមបានកោតសរសើរដល់អ្នកជំនាញមកពីប្រទេសកូរ៉េដែលបានជួយដល់សហគមន៍មូលដ្ឋានកន្លងមកពិសេសទៅលើការប្រើប្រាស់ទឹកស្អាតដែលជាផ្នែកមួយជួយដល់សុខភាព និងការរស់នៅរបស់ពួកគាត់។
គួរបញ្ជាក់ថាកម្មវិធីខាងលើមានការចូលរួមអង្គការដៃគូពាក់ព័ន្ធជាច្រើន ដើម្បីស្វែងយល់ពីបច្ចេកទេសក្នុងការផលិតទឹកតាមលក្ខណៈបច្ចេកវិទ្យាស្អាត ព្រមទាំងការចូលរួមពីកូត្រា(Korea)របស់កូរ៉េផងដែរ៕ដោយ៖ម៉ាដេប៉ូ

