គណ:ប្រតិភូក្រសួងទេសចរណ៍ ប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀបចំ ព្រឹត្តិការណ៍ បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប
(សៀមរាប)៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាការងារ និងពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ដែលដឹកនាំកិច្ចប្រជុំនេះ ដោយ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប ដើម្បីពិភាក្សាការងារ ស្តីពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឲ្យមានភាពល្អប្រសើរហើយប្លែកជាងមុនៗ កម្មវិធីបុណ្យទន្លេនោះ គ្រោងនិងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា យើងរៀបចំប្រជុំនាពេលនេះ គឺដើម្បីបង្កើតក្បាលម៉ាស៊ីនអនុគណៈកម្មការ ឬក្រុមការងារនានា សម្រាប់ការបែងចែកភារកិច្ចទទួលខុសត្រូវចំពោះបុណ្យទន្លេដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាបជាលើកទី៨ គឺយើងត្រូវរៀបចំឲ្យមានព្រឹត្តិការណ៍សម្បូរបែបដូចជា៖ ទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ និងសកម្មភាពកម្សាន្តផ្សេងៗ ការប្រណាំងកង់ ការរត់កម្សាន ការប្រណាំងទូក ការប្រកួតវាយកូនគោល នឹងការរៀបចំទីតាំង សម្រាប់ប្រារព្ធពិធីបើកជាផ្លូវការ និងទីតាំងកម្មវិធីតន្ត្រីកម្សាន្តនានាក្នុងខេត្តយើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើនមកទស្សនានៅក្នុងអំឡុងពេលបុណ្យទន្លេនោះ ។

ឯកឧត្តម បន្តថា នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះ សូមឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ចូលរួមសហការធ្វើយ៉ាងណាឲ្យបុណ្យទន្លេបានប្រព្រឹត្តិទៅប្រកបដោយភាពជោជ័យ ជាពិសេស គឺការចូលរួមសម្អាតអនាម័យបរិស្ថានឲ្យទៅសម និងបុណ្យទន្លេដើម្បីសន្តិភាព នឹងការអភិវឌ្ឍ ចីរភាព ស្ថេរភាព សេដ្ឋកិច្ចរីកចម្រើនដូចបណ្តាប្រទេសនានានៅលើពិភពលោក ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្ត ជាប់តាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា ។ ហើយការបង្កើតព្រឹត្តិការណ៌បុណ្យទន្លេនេះ យើងបានរៀបចំនួន ៧ លើករួចមកហើយ ទី១. ឆ្នាំ ២០១៥ ខេត្តក្រចេះ ទី២. ឆ្នាំ២០១៦ ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ទី៣. ឆ្នាំ២០១៧ ខេត្តស្ទឹងត្រែង ទី៤. ឆ្នាំ២០១៨ ខេត្តកណ្តាល ទី៥. ឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង ទី៦. ឆ្នាំ ២០២០ ខេត្តបាត់ដំបង និង ឆ្នាំ២០២១ ឆ្នាំ២០២២ អាក់ខាន (កូវីដ) ទី៧. ឆ្នាំ២០២៣ ខេត្តកំពង់ធំ និង ឆ្នាំ២០២៤ លើកទី ៨ គឺគម្រោងកម្មវិធីសម្រាប់រយៈពេលទាំង ៣ថ្ងៃ នៅខេត្តសៀមរាបនេះតែម្តង។

លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប បានបង្ហាញពីឆន្ទខ្ពស់ ក្នុងនាមតំណាងឲ្យអភិបាលខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំបុណ្យទន្លេនេះ ដើម្បីរៀបចំក្រុមការងារសម្រាប់ថ្ងៃបុណ្យទន្លេនាពេលខាងមុខនោះ លោក បានចូលរួមជាមតិយោបល់មួយចំនួន ពាក់ព័ន្ធវិស័យឯក ក៏ដូចជារដ្ឋបាលខេត្តទាំងមូល យើងត្រូវចូលរួមសហការរៀបចំនៅពិធីបុណ្យទន្លេ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ខេត្តយើងៗ ជាពិសេស ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: អនាម័យបរិស្ថាន នៅក្នុងពេលប្រារព្ផពិធីក្តី ក្រោយបញ្ចប់ពិធីក្តី យើងត្រូវយកចិត្តដាក់ឲ្យបានខ្ពស់បំផុតដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេនាខេត្តសៀមរាបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ផងដែរ ៕
ដោយ ៖ ស៊ាន សុផាត
