កសិករចតត្រាក់ទ័រ ១,០០០គ្រឿង បិទផ្លូវតវ៉ា ចំពេលមានជំនួបកំពូលរបស់សហភាពអឺរ៉ុប
ព្រុចសែល៖ ប៉ូលិសបែលហ្ស៊ិកនិយាយថា ត្រាក់ទ័រប្រហែល ១,០០០គ្រឿងរបស់កសិករបានចតបិទផ្លូវដើម្បីធ្វើបាតុកម្ម ចំពេលមានកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីការផ្តល់ហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ដែលធ្វើឡើងនៅទីក្រុងព្រុចសែល នៅទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នកនាំពាក្យប៉ូលិសបែលហ្ស៊ិកនិយាយថា មានត្រាក់ទ័រ ឬគ្រឿងចក្រកសិកម្មប្រហែល ១,០០០គ្រឿង ត្រូវបានកសិករបើកយកទៅចតនៅពាសពេញទីស្នាក់ការសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្តែងការប្រឆាំងតវ៉ា ជុំវិញស្តង់ដារកសិកម្ម សម្ពាធតម្លៃ ពន្ធ និងបទប្បញ្ញត្តិការពារបរិស្ថានជាដើម។ ក្រុមកសិករនិយាយថា ពួកគេមិនទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ និងទទួលរងសម្ពាធខ្លាំងពីបទបញ្ញត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន។

ការធ្វើបាតុកម្មបិទផ្លូវរបស់ក្រុមកសិករនេះទៀតសោត ដោយសារតែពួកគេនៅបន្តបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាល ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ ដែលទទួលបានផលពីការងារកសិកម្ម។ ហើយការតវ៉ានេះដែរ រំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ពីក្រុមអ្នកនយោបាយអឺរ៉ុប ដែលបច្ចុប្បន្នកំពុងតែផ្តោតសំខាន់លើការផ្តល់ហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


