នៅឆមាសទី១ ឆ្នាំ២០១៩នេះ ការលក់យន្តហោះរបស់ក្រុមហ៊ុនអាម៉េរិក បូអ៊ីង ធ្លាក់ចុះ ប្រមាណ៣៧ភាគរយ
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បានឱ្យដឹងថា ការលក់ចេញយន្តហោះរបស់ខ្លួនបានធ្លាក់ចុះប្រមាណ៣៧ភាគរយ មកនៅត្រឹម២៣៩គ្រឿងនៅឆមាសទី១ ឆ្នាំ២០១៩ ដោយមួយភាគធំបណ្តាលមកពីការបញ្ឈប់ការហោះហើរយន្តហោះធុន 737 Max ដែលជាប្រភេទយន្តហោះលក់ដាច់បំផុតពីមុន ដោយសារតែការធ្លាក់សម្លាប់មនុស្សរាប់រយនាក់ចំនួន២លើកជាប់គ្នា។

ការធ្លាក់ចុះយ៉ាងគំហុកនេះ នាំឲ្យក្រុមហ៊ុន ប៊ូអ៊ីង បាត់បង់តំណែងជាក្រុមហ៊ុនផលិតយន្តហោះធំបំផុតនៅលើពិភពលោក ក្រោយពីគ្រងតំណែងនេះអស់រយៈពេល៨ឆ្នាំ។ ឥឡូវការលក់ចេញយន្តហោះរបស់ក្រុមហ៊ុន ប៊ូអ៊ីង នៅពីក្រោយគូប្រជែងក្រុមហ៊ុនអឺរ៉ុប អ៊ែរប៊ស់ ដែលបានប្រគល់យន្តហោះចំនួន៣៨៩គ្រឿងដល់អតិថិជនក្នុងរយៈពេលដូចគ្នា ដោយកើនឡើង២៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះយុទ្ធនាការរបស់ក្រុមហ៊ុន ប៊ូអ៊ីង ដើម្បីស្តាកេរ្តិ៍ឈ្មោះយន្តហោះធុន 737 Max របស់ខ្លួនក៏ត្រូវទទួលរងដំណើរថយក្រោយមួយទៀតផងដែរ ដោយអារ៉ាប៊ីសាអូឌីតបានសម្រេចលុប ចោលការបញ្ជាទិញតំលៃ៥,៩ពាន់លានដុល្លារ ហើយងាកទៅទិញយន្តហោះ អ៊ែរប៊ស់ ជំនួសវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានគំរាមលុបចោលការបញ្ជាទិញយន្ត ហោះធុន 737 Max ចាប់តាំងពីយន្តហោះប្រភេទនេះបានធ្លាក់នៅឥណ្ឌូនេស៊ី និងអេត្យូពីសម្លាប់មនុស្សសរុប៣៤៦នាក់។ យន្តហោះធុននេះ ត្រូវបានបញ្ឈប់មិនឲ្យហោះហើរចាប់តាំងពីខែមីនាមក ខណៈក្រុមហ៊ុន ប៊ូអ៊ីង ខិតខំបំពេញចន្លោះខ្វះខាតបច្ចេកទេស និងសូហ្វវែរ៕ធ.ដ

