ប្រេស៊ីលប្រកាស “ជំងឺគ្រុនឈាម” ជាភាពអាសន្នផ្នែកសុខាភិបាល

ប្រាស៊ីលីយ៉ា៖ អាជ្ញាធរទីក្រុងសៅប៉ូឡូ បើកមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់មួយ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាកើនឡើងករណីកើតជំងឺគ្រុនឈាម ដែលបានវាយប្រហារទូទាំងប្រទេសប្រេស៊ីល និងតំបន់អាមេរិកខាងត្បូង។

ទីក្រុង Rio de Janeiro ដែលជាទីក្រុងធំទីពីររបស់ប្រេស៊ីល បន្ទាប់ពីទីក្រុង Sao Paulo នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសស្ថានភាពអាសន្នផ្នែកសុខាភិបាលសាធារណៈ ពោលគឺ៤ថ្ងៃមុនការបើកពិធីបុណ្យដ៏ល្បីល្បាញរបស់ខ្លួនជាផ្លូវការ។ បន្ថែមលើនេះ អាជ្ញាធរទីក្រុង Rio de Janeiro បានបើកមជ្ឈមណ្ឌលព្យាបាលបន្ទាន់ចំនួន ១០ទីតាំង ដើម្បីកាត់បន្ថយសម្ពាធលើមន្ទីរពេទ្យ ដែលពោរពេញដោយអ្នកជំងឺយ៉ាងច្រើន។ រដ្ឋធានីប្រាស៊ីលីយ៉ា ក៏បានបើកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ផងដែរ។

ប្រទេសប្រេស៊ីលបានចុះបញ្ជីករណីកើតជំងឺគ្រុនឈាមរហូតដល់ ៣៤៥,២៣៥ករណី ក្នុងរយៈពេល ៥ សប្តាហ៍ដំបូងនៃឆ្នាំនេះ កើនឡើងជិត ៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមក្រសួងសុខាភិបាលប្រេស៊ីល មនុស្ស ៣១នាក់បានស្លាប់ ដោយសារជំងឺគ្រុនឈាម ខណៈដែលមនុស្ស ២៣៤នាក់ផ្សេងទៀតក៏បានបាត់បង់ជីវិត ដែលទំនងមកពីជំងឺនេះផងដែរ។

បច្ចុប្បន្ន ទីក្រុង Sao Paulo កំពុងធ្វើតេស្តប្រើប្រាស់យន្តហោះដ្រូន បាញ់ថ្នាំសម្លាប់ដង្កូវទឹក ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វមូសនៅក្នុងតំបន់ពិបាកទៅដល់។ បន្ថែមលើនេះ ប្រេស៊ីលក៏គ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជាសាធារណៈ ប្រឆាំងនឹងជំងឺគ្រុនឈាមក្នុងខែនេះផងដែរ ទោះបីជាមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ក៏ដោយ។ ការចាក់វ៉ាងសាំងនេះ ផ្តល់អាទិភាពដល់កុមារដែលមានអាយុពី ១០ ទៅ ១៤ឆ្នាំ។

រដ្ឋាភិបាលប្រេស៊ីលនិយាយថា ខ្លួនកំពុងសិក្សាជម្រើសក្នុងការផលិតវ៉ាក់សាំងការពារជំងឺគ្រុនឈាមក្នុងស្រុក។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មនុស្សប្រមាណពី ១០០ លានទៅ ៤០០លាននាក់ក្នុងមួយឆ្នាំបានកើតជំងឺគ្រុនឈាម ទោះបីជាករណីភាគច្រើនមានលក្ខណៈស្រាល ឬមិនមានរោគសញ្ញាក៏ដោយ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner