ប្រមុខអង្គការសហប្រជាជាតិព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល
ញូវយ៉ក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះថ្លែងថា ពិភពលោកកំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខដែលពោរពេញដោយការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ៗ ដូចជាសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
អំឡុងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Guterres បានគូសបញ្ជាក់ថា នេះជាពេលវេលាសម្រាប់បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។ លោក Guterres បានសង្កត់ធ្ងន់ថា ពិភពលោករបស់យើងកំពុងធ្លាក់ចូលក្នុងយុគសម័យភាពចលាចល និងពោរពេញដោយគ្រោះថ្នាក់ ហើយមិនអាចព្យាករទុកជាមុនបាន។
ប្រមុខអង្គការសហប្រជាជាតិរូបនេះបានព្រមានថា បើសិនកងទ័ពអ៊ីស្រាអែលពិតជាបង្កើនការវាយប្រហារលើទីក្រុងរ៉ាហ្វា នោះវានឹងធ្វើឱ្យវិបត្តិមនុស្សធម៌ ដែលកំពុងតែអាក្រក់ស្រាប់ទៅហើយនោះ កាន់តែយ៉ាប់យ៉ឺន ដែលអាចនឹងបង្កផលវិបាកដល់តំបន់ទំាងមូល។
ការព្រមានបែបនេះរបស់លោក Guterres ធ្វើឡើងចំពេលមានជម្លោះបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ស៊ូដង់ មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត ដែលមានមនុស្សរាប់លាននាក់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅចេញពីការប្រយុទ្ធគ្នា ហើយកំពុងត្រូវការជំនួយជាចាំបាច់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

