រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែន ការ សកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ
(ភ្នំពេញ)៖ ក្រសួងអប់រំបានដាក់ចេញកំណែនទម្រង់គ្រប់កម្រិត ការបង្កើនគុណភាពគ្រូ សិស្សសាលា ពង្រឹងការគ្រប់គ្រងបុគ្កលិត ការប្រឡងគ្រប់ប្រភេទ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» កំណែនទម្រង់ឧត្តមសិក្សា ការអភិវឌ្ឍយុវជននូវជំនាញបច្ចេកទេស កំណែនទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អប់រំនិងកីឡា បង្កើតអង្កភាពស្រាវជ្រាវគោលនយោបាយអប់រំ ។
ជាមួយគ្នានេះ ក្រសួងអប់រំ បានរៀបចំអ្នកសិក្សាពេញមួយជីវិត ដើម្បីឱ្យពួកគេអាចចូលរួមក្នុងពិភពលោក ដែលមានទំនាក់ទំនងជាមួយគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក និងអាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ តំបន់ និងសកលលោក ដើម្បីបង្កើតនូវពិភពលោកមួយឱ្យកាន់តែមានសុខសន្តិភាព និងប្រកបដោយចីរភាព ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំសហការី មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា។

ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៧ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅការពារ ថែរក្សា និងពូនជ្រុំសមិទ្ធផលជាតិ លើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕




ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ