ប្រទេសម៉ាឡាវីលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន ៧៩ ដើម្បីជំរុញទេសចរណ៍

លីឡុងវ៉េ៖ ប្រធានាធិបតីនៃប្រទេសម៉ាឡាវីបានប្រាប់សភា កាលពីថ្ងៃសុក្រថា ដើម្បីជំរុញវិស័យទេសចរណ៍ ប្រទេសម៉ាឡាវីបានសម្រេចដកតម្រូវការទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរ មកពីបណ្តាប្រទេសចំនួន ៧៩។

លោកប្រធានាធិបតី ឡាហ្សារុស ឆាកវើ រ៉ា (Lazarus Chakwera) បាននិយាយថា វិស័យទេសចរណ៍គឺជាប្រភពរូបិយប័ណ្ណបរទេសធំជាងគេទីបី នៅក្នុងប្រទេសម៉ាឡាវី។ ម៉ាឡាវីគឺជាប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងត្បូង ហើយអ្វីដែលជាប្រភពចំណូលដ៏សំខាន់ទី១ គឺថ្នាក់ជក់ និងទី២ គឺតែ ប៉ុន្តែ វិស័យទេសចរណ៍ គឺមិនដំណើរការល្អនោះទេ។

លោកប្រធានាធិបតីនិយាយប្រាប់សភាថា «កត្តាសំខាន់ក្នុងចំណោមកត្តាដែលរួមចំណែកក្នុងកិច្ចការនេះ គឺភាពងាយស្រួលក្នុងប្រទេសរបស់យើង ដូច្នេះ នេះជាមូលហេតុដែលយើងបានអនុវត្តកម្មវិធីលើកលែងទិដ្ឋាការ»។

សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន រុស្សី និងសមាជិកនៃសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលមានប្លុកប្រទេសជាច្រើន សុទ្ធតែទទួលការលើកលែងវីស្សានេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ AFP ថា យុទ្ធសាស្ត្រនេះគឺទាក់ទាញការវិនិយោគក្នុងវិស័យកសិកម្ម ទេសចរណ៍ និងការរុករករ៉ែ។ តាមរយៈការលុបបំបាត់តម្រូវការទិដ្ឋាការសម្រាប់ទីផ្សារប្រភពសំខាន់ៗនៅទូទាំងពិភពលោក ម៉ាឡាវីកំពុងផ្តល់សញ្ញាថាបើកចំហសម្រាប់អាជីវកម្ម។

ប្រទេសម៉ាឡាវី គឺជាដឹងថាជា ជម្រុកសត្វព្រៃដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងដំរី និងក្រពើ។ បឹង «ម៉ាឡាវី» ដែលជាបឹងទឹកសាបធំជាងគេទីបីរបស់ទ្វីបអាហ្រ្វិក មានកេរ្តិ៍ឈ្មោះល្បី ដោយសារទឹកថ្លាខ្លាំង ឆ្នេរខ្សាច់ និងជីវិតសមុទ្រចម្រុះ ហើយបឹងនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) ផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner