ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺសម្រុកធ្វើស្រែប្រាំងលើសផែនការ គ្រាដែលអាជ្ញាធរ ណែនាំពីការខ្វះទឹកស្រោចស្រព
(កំពង់ស្ពឺ)៖ប្រជាកសិករនៅទូទាំងស្រុកក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាសម្រុកធ្វើ ស្រែ ប្រាំង លើសផែនការ គ្រាដែលអាជ្ញាធរនិងមន្ទីរជំនាញណែនាំពីការខ្វះទឹក សម្រាប់ ស្រោចស្រពនិងរក្សាទឹកទុកសម្រាប់ប្រើប្រាស់។

ក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់ប្រជាកសិករនៅក្នុងស្រុកបសេដ្ឋ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិ បាល ខេត្តកំពង់ស្ពឺបានលើកឡើងថា ស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវប្រាំង របស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំនិទាន និងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ មាន ការផុលផុសខ្លាំងដោយឆ្នាំនេះពួកគាត់សម្រុកធ្វើស្រែប្រាំងនិងដំណាំរួមផ្សំលើសពីផែនការ ដែលមានរហូតដល់ទៅ២៤០%។ហើយអ្វីដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្ត ជំរុញដល់ការខិតខំនេះគឺដោយសារតែឆ្នាំនេះការបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់និងស្រូវមានទីផ្សារល្អ តម្លៃថ្លៃ ។

ឯកឧត្តមបានលើកទឹកចិត្តនិងកោតសរសើរដល់បងប្អូនប្រជាកសិករទាំងអស់ ដែល បាន ខិតខំបង្កបង្កើនផលរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់ បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទន្ទឹមនិងការខិត ខំនេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បងប្អូននឹងអាចជួបប្រទះនូវបញ្ហាប្រឈមខ្លះ ពីកង្វះទឹកសម្រាប់់ស្រោចស្រពនាពេលខាងមុខ ជាមួយនេះសូមបងប្អូនត្រូវតែចេះ សន្សំ សំចៃទឹកឱ្យបានខ្ពស់បំផុតដើម្បីបញ្ជៀសនូវហានិភ័យនេះ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានឱ្យដឹងថា ស្រូវរដូវប្រាំងតាម ផែនការប្រចាំឆ្នាំ២០២៤ ចំនួន ៤៥៥ហិកតា ក្នុងនោះអនុវត្តសម្រេចបានចំនួន ១ ១៩៤ហិកតា ស្មើនឹង ២៦២,៤២% នៃផែនការ ភាគច្រើនស្ថិតក្នុងវគ្គបង្កបង្កើនផល ។ ក្នុងនោះស្រុកបសេដ្ឋអនវុត្តបាន ៦៨១ហិកតា ស្មើនឹង ២៤៣,២១%នៃផែនការ ស្រុកគងពិសី ១១៧ហិកតា ស្មើនឹង១៥៦% ស្រុកឱរ៉ាល់ ១១៥ហិកតា ក្រុងឧដុង្គម៉ែ ជ័យចំនួន ១២ហិកតា ស្រុកភ្នំស្រួច ១៨៨ហិកតា ស្មើនឹង ១៨៨% ស្រុកសំរោងទង ៦០ហិកតា និងស្រុកថ្ពង ២១ហិកតា។ដំណាំសាកវប្បកម្ម អនុវត្តបានសរុបចំនួន ១៣៤ហិកតា ក្នុងនោះមាន ដំណាំយកផ្លែ ១៧១ហិកតា និងបន្លែស្លឹកចំនួន ១៤៣ ហិក តា ។ ក្រៅពីនេះ មានដំណាំឧស្សាហកម្មរយៈពេលខ្លីចំនួន ៤៦ហិកតា ។

ពាក់ពន្ធ័និងសន្ទុះនៃការបង្កបង្កើនផលលើសផែនការលោក ញ៉ាញ់ ជាបហ៊ង ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានបង្ហាញពីក្តីបារម្ភដែលបងប្អូនប្រជាកសិករអាចនិងជួបប្រទះក្នុងកំឡុងពេលប៉ុន្មានខែខាងមុខ ដោយក្នុងនោះលោកលើក ឡើងថា នៅតាមអាងទឹកមួយចំនួននៅមានទឹកស្តុកពី៥០%ទៅ៦០% ដូច្នេះ សម្រាប់ ពីរ ទីបីខែខាងមុខធានាថានឹងមិនមានបញ្ហាដែលផ្តើមឡើងពីការខ្វះ ទឹក នោះឡើយ តែបងប្អូននឹងអាចជួបប្រទះបញ្ហាកង្វះទឹកក្នុងកំឡុងខែ៧ទៅខែ៨ ដែល ស្ថិតក្នុងកូនរដូវប្រាំងនិងរដូវវស្សា។
លោកថា ទឹកនៅតែអាចធានាដល់ការស្រោចស្រពនិងប្រើប្រាស់សម្រាប់ បងប្អូន ប្រជា ពលរដ្ឋដែលរស់នៅតាមសណ្តនៃស្ទឹងព្រែកត្នោត លើកលែងតែតំបន់ មួយ ចំនួនរួ មមានប្រឡាយមេខាងត្បូង ប្រឡាយមេខាងជើងនិងស្ទឹងតូច មិនអាច ផ្គត់ ផ្គង់ទឹកបានទេ ខណៈដែលមន្ទីរជំនាញនិងមន្ត្រីបច្ចេកទេសកំពុង អនុវត្តគម្រោង ថ្នាក់ជាតិ ប៉ុន្តែបងប្អូនអាចភ្ជាប់ទឹកពីស្ទឹងព្រែកត្នោតយកមកប្រើប្រាស់ បានព្រោះ មន្ទីរជំនាញធានាដល់និរន្តភាពទឹកក្នុងស្ទឹងសម្រាប់បងប្អូនប្រើប្រាស់ ហើយក្នុង ករណីមានការប្រែប្រួលបន្ទាន់ណាមួយមន្ទីរនិងជូនដំណឹងជាក្រោយ ៕
ដោយ ៖ ម៉ុន សំអាត
