គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះបានហែក្បួនឃោសនាបោះឆ្នោត ដោយមានអ្នកចូលរួមជាច្រើន នៅ៧ រាជធានី ខេត្ត នៃភូមិភាគចំនួន៥ គឺនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ ខេត្តឧត្ដរមានជ័យ នៃភូមិភាគទី៤ ខេត្តកំពត នៃភូមិភាគទី៥ ខេត្តព្រៃវែង នៃភូមិភាគទី៦ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។
តាមការកត់សម្គាល់៖
-គណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមភូមិភាគទាំង៨ ។
-គណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្សមួយចំនួន និងនៅតាមផ្ទះសមាជិកគណបក្ស។
-គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។
ជារួម ដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយ គធ.ខប និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ



