រុស្ស៊ីវាយប្រហារដោយដ្រូនជាថ្មី លើអ៊ុយក្រែន ស្លាប់មនុស្ស ៧នាក់
គៀវ៖ យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់រុស្ស៊ីទើបបានវាយប្រហារ ទីក្រុង Kharkov ប្រទេសអ៊ុយក្រែន បណ្តាលឲ្យស្លាប់មនុស្ស៧នាក់ ក្នុងនោះ រួមមានទាំងកុមារតូចៗ បីនាក់ផងដែរ។

លោក Oleh Sinyhopov អភិបាលក្រុង Kharkiv បាននិយាយថា ការវាយប្រហារនេះបានកើតឡើង កាលពីថ្ងៃសៅរ៍។ ក្រៅពីស្លាប់មនុស្ស៧នាក់ ក៏បានបណ្តាលឲ្យឆាបឆេះហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋាន ចំនួន១៥ខ្នង ផងដែរ។ ក្រៅពីនេះ ក៏មនុស្សបីនាក់ផ្សេងទៀត រងរងរបួសទៀតផង។

លោក Sergiy Bolvinov ប្រធានផ្នែកស៊ើបអង្កេតនៃប៉ូលីសជាតិ បាននិយាយថា ទីតាំងវាយប្រហារនោះ មានគ្រួសារមួយ នៅក្នុងផ្ទះ មានគ្នាប្រាំនាក់។ ឪពុកម្តាយពីរនាក់ និងកូនបីនាក់។ លោកបាននិយាយដែរថា មនុស្ស ៥០ នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញ ខណៈដែលផ្ទះរបស់ពួកគេត្រូវបានបាញ់ បណ្តាលឲ្យឆេះខ្ទេចខ្ទី។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ២៣ គ្រឿងក្នុងចំណោម ៣១ គ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយរុស្ស៊ី តម្រង់គោលដៅទៅកាន់តំបន់ Kharkiv នៅភាគឦសានរបស់ប្រទេស ក៏ដូចជាតំបន់ Odessa នៅភាគខាងត្បូងផងដែរ។

ទីក្រុង Kharkiv បានក្លាយជាគោលដៅញឹកញាប់ជាងគេ នៃការវាយប្រហាររបស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
