សហរដ្ឋអាមេរិកជំរុញឱ្យអ៊ីស្រាអែលការពារសុវត្ថិភាពប្រជាជនទីក្រុង Rafah
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា ប្រតិបត្តិការយោធានៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា មិនគួរដំណើរការទេ លុះត្រាតែផែនការធានាសុវត្ថិភាពដល់ប្រជាជននៅទីនោះ ត្រូវបានដាក់ចេញជាមុនសិន។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំលុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអាទិត្យម្សិលមិញ លោក បៃដិន បានបញ្ជាក់ឡើងវិញថា ប្រតិបត្តិការយោធានៅទីក្រុង Rafah មិនគួរដំណើរការដោយគ្មានផែនការដែលអាចទុកចិត្តបាន និងការធានាសុវត្ថិភាពដល់ប្រជាជនជាងមួយលាននាក់ដែលស្នាក់នៅទីនោះទេ។

ទន្ទឹមគ្នា មន្ត្រីជាន់ខ្ពស់អាមេរិកនិយាយថា ស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ន សហរដ្ឋអាមេរិកមិនគាំទ្រប្រតិបត្តិការយោធានៅទីក្រុង Rafah ទេ ដោយសារព្រួយបារម្ភពីសុវត្ថិភាពប្រជាជននៅទីនោះ និងថា ជនស៊ីវិលទាំងអស់នោះ គ្មានកន្លែងដែលត្រូវទៅទេ។ ចំណែកលោក ណេតាន់យ៉ាហ៊ូ វិញ នៅថ្ងៃអាទិត្យម្សិលមិញ បានសន្យាថា នឹងបង្កើតច្រកសុវត្ថិភាពមួយសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន។
Rafah ជាទីក្រុងនៅជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប នៅតែជាជម្រកចុងក្រោយសម្រាប់ប៉ាឡេស្ទីន ដែលភៀសខ្លួនពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ក្នុងសង្រ្គាមរយៈពេលជាង ៤ខែប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលជាច្រើនផ្សេងទៀត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផែនការរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក្នុងការវាយលុកចូលទីក្រុង Rafah ដែលមានប្រជាជនប្រមាណ ១.៤លាននាក់ ភាគច្រើនជ្រកកោនក្នុងតង់បណ្តោះអាសន្ន ចំពេលកើនឡើងកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ទឹកបរិភោគ និងថ្នាំពេទ្យ៕




ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា