បុណ្យចូលឆ្នាំចិន ខេត្តកំពតនិងខេត្តកែបមានទេសចរជាង ១៣ម៉ឺននាក់
កំពត៖ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងឱកាស នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តកំពតបាន ទទួលភ្ញៀវទេសចរ ជិតឆ្ងាយកម្សាន្តជាង៦ម៉ឺននាក់ គឺមានការកើនឡើងបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំមុន ខណៈខេត្តកែបមានភ្ញៀវជាង៧ម៉ឺននាក់ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យ ដឹងថារយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តកំពត មាន ទេសចរមកកម្សាន្តចំនួន៦៤.៥២៨នាក់ពោលកើនឡើង០,៤១ភាគរយធៀបនឹងរយ:ពេលដូចគ្នានាឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវ ជាតិ មាន ៦២.៩០៥នាក់ និងទេសចរបរទេសចំនួន១.៦២៣នាក់ ដោយបាន ប្រើ មធ្យោបាយធ្វើដំណើរដោយ ម៉ូតូចំនួន៧.៣៤៧គ្រឿង, រថយន្ត លក្ខណៈ គ្រួសារចំនួន៤.៦២៧គ្រឿង រថយន្តប្រភេទ តួរីស១.៩១៤ គ្រឿង និងរថយន្តក្រុង៦៦គ្រឿង។
ប្រភពដដែលបន្តថា ស្ថានភាពទូទៅរយៈពេលបីថ្ងៃនៅខេត្ត កំពត មាន ភាពល្អប្រសើរ ពលរដ្ឋ និងទេសចរសប្បាយរីករាយ ។នៅតាម កន្លែង ស្នាក់នៅនីមួយៗទទួលបដិសណ្ឋាកិច្ចភ្ញៀវបានល្អ ។តាមរមណីយ ដ្ឋាន រក្សាបាននូវបរិស្ថានអនាម័យស្អាត ។ការរក្សាតម្លៃសេវាកម្មល្អ មិនដំឡើង ថ្លៃ ។សន្តិសុខ សុវត្ថិភាពល្អប្រសើរ ពុំមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់។
ដោយឡែកតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹង ដែរថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ខេត្តកែបទទួលភ្ញៀវ បាន ចំនួន៧៣.១៤៥នាក់។ក្នុងនេះភ្ញៀវជាតិ ៧២.៤៩៤នាក់ និងទេសចរបរទេសចំនួន៦៥១នាក់៕
ដោយ៖ សិលាសារិន