១គ្រាប់របស់កីឡាករ សួន សុភ័ក្ត្រា ជួយក្រុម វិទ្យាល័យច្បារអំពៅ យកឈ្នះ ភ្នំពេញថ្នី ១:០ នៅក្នុងសប្តាហ៍ទី៥
១គ្រាប់របស់ កីឡាករ សួន សុភ័ក្ត្រា ជួយក្រុមម្ចាស់ផ្ទះវិទ្យាល័យច្បារអំពៅ ឡើងឈរលេខ២ក្នុងតារាងបណ្តោះអាសន្ន ក្រោយឈ្នះ វិទ្យាល័យភ្នំពេញថ្នី ១:០ ខណៈក្រុមភ្ញៀវសាលារៀនវេស្ទឡាញន៍ បានយកឈ្នះ ម្ចាស់ផ្ទះវិទ្យាល័យបឹងត្របែក ២ទល់១ ក្នុងសប្តាហ៍ទី៥ នៃការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យលើកទី១ឆ្នាំ២០១៩ ។
ឆ្លងកាត់៥ប្រកួត ក្រុមវិទ្យាល័យច្បារអំពៅ បានឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន ក្នុងតារាង ដោយ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ ខណៈក្រុមវិទ្យាល័យឬស្សីកែវ បន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយ៤ប្រកួត ឈ្នះ៤មាន ១២ពិន្ទុ ចំនែកឯវិទ្យាល័យ ចាក់អង្រែ ៤ប្រកួតចាញ់ទាំង៤សូន្យពិន្ទុនៅបាតតារាង។
គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន។
សូមបញ្ជាក់ថា ក្រុមជើងឯក វិទ្យាល័យ នឹងទទួលបានប្រាក់រង្វាន់ ៦០លានរៀល ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៤០លានរៀល និងក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ២០លានរៀល ។ ការប្រកួតខាងលើទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុន ភេសជ្ជៈ POCARISWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕
