ខែមករា កម្ពុជានាំចេញអង្ករបានជាង ៤ម៉ឺនតោន តម្លៃ ៣២លានដុល្លារ
ភ្នំពេញ៖ នៅខែមករា ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករជាង ៤៦,០០០តោន គិតជាទឹកប្រាក់បានជាង ៣២,៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ការនាំចេញអង្ករនេះគឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣២ ទៅកាន់គោលដៅចំនួន៤២។ ក្នុងនោះមានជាង ២ម៉ឺន៥ពាន់តោន ត្រូវបាននាំចេញទៅកាន់សហគមន៍អឺរ៉ុប។ ទីផ្សារធំបន្ទាប់គឺសហគមន៍អាស៊ានដែលទិញនាំចូលអង្ករពីកម្ពុជាជិត ១២,០០០តោន។ ប្រទេស និងក្រុងបន្ទាប់សន្សំ មានដូចជា ហុងកុង និងម៉ាកាវ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងញ៉ូហ្សេឡេន ជាដើម។
ចំពោះប្រភេទអង្ករដែលត្រូវបានបាននាំចេញមានអង្ករក្រអូប អង្ករសធម្មតា អង្ករចំហុយ និង អង្ករសរីរាង្គ។ នៅខែមករាផងដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ៥សែនតោន ដែលគិតជាទឹកប្រាក់ ប្រមាណជាង១៨៤ លានដុល្លារ៕ ដោយ៖សែន ដាវិត
រូបថតៈសហព័ន្ធស្រូវអង្គរកម្ពុជា


