គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ មានភាពចាស់ទុំ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

គ.ជ.ប បានបន្តថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ បានឱ្យដឹងថា គណបក្សនយោបាយដែលធ្វើសកម្មភាពឃោសនាបោះឆ្នោត មានជាអាទិ៍៖ គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការជួបប្រជុំអ្នកបោះឆ្នោតនៅស្រុកស្ទោង ខេត្តកំពង់ធំ និងបានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តកំពត។ គណបក្ស ឆន្ទៈខ្មែរ បានធ្វើសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបន្ទាយមានជ័យ។ គណបក្សប្រជាជនកម្ពុជា បានធ្វើការជួបប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅគ្រប់រាជធានី ខេត្ត។ គណបក្សកម្លាំងជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតទេនៅថ្ងៃនេះ។

គ.ជ.ប បានបញ្ជាក់ថា ជារួម ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ មានភាពចាស់ទុំ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល ដោយការិយាល័យបោះឆ្នោត មានចំនួន ៣៣ ការិយាល័យចំណុះឱ្យភូមិភាគទាំង៨ នៅទូទាំងប្រទេស។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត សរុបចំនួន ១១,៧៤៧ នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង៕
ដោយ៖ពលជ័យ

ads banner