សភាក្រិកអនុម័តច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា និងការស្មុំកូន
សភានៃប្រទេសក្រិច កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តយ៉ាងលើសលប់ លើសេចក្តីព្រាងច្បាប់ថ្មីមួយ ទាក់ទងនឹងការធ្វើឱ្យស្របច្បាប់ ចំពោះការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងការស្មុំកូន ។
ជាការអនុម័ត នៅក្នុងកំណែទម្រង់ដ៏សំខាន់មួយដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលអភិរក្ស បើទោះបីជាមានការប្រឆាំង ពីវិហារគ្រិស្តអូស្សូដក់ ដ៏មានឥទ្ធិពលក៏ដោយ។
ច្បាប់នេះត្រូវបានគាំទ្រដោយគណបក្ស «ប្រជាធិបតេយ្យថ្មី» របស់លោក នាយករដ្ឋមន្ត្រី Kyriakos Mitsotakis ហើយត្រូវបានអនុម័ត ដោយសម្លេង១៧៦ ក្នុងចំណោមសមាជិកសភា ២៤៥ រូបដែលមានវត្តមាន បន្ទាប់ពីការជជែកដេញដោល រយៈពេលពីរថ្ងៃ។
លោក នាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់អង្គប្រជុំពេញអង្គភ្លាមៗ មុនពេលបោះឆ្នោតអនុម័តថា «យើងនៅទីនេះ ដើម្បីដោះស្រាយជាមួយនឹងការពិតសង្គម ដែលមានស្រាប់ រួមគ្នាជាមួយនឹងការទទួលខុសត្រូវ បញ្ចប់វិសមភាពដែលធ្ងន់ធ្ងរសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់យើង» ។
ច្បាប់ថ្មីនេះក៏ផ្តល់សិទ្ធិពេញលេញដល់គូស្វាមីភរិយាភេទដូចគ្នា សម្រាប់ធ្វើជាមាតាបិតា បានបើទោះបីជាមិនមែនប្រើប្រាស់វិធីសាស្ត្របន្តពូជ ធម្មតា ប៉ុន្តែ ផ្តល់សិទ្ធិដល់ដៃគូ ភេទដូចគ្នាទាំងនេះនេះ ស្មុំកូន យកមកចិញ្ចឹម។
នាយករដ្ឋមន្ត្រីក្រិចបានសង្កត់ធ្ងន់ថា ប្រព័ន្ធច្បាប់ត្រូវបានកែសម្រួល ជាលក្ខណៈអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៅក្នុងសង្គម ហើយការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា គឺស្របច្បាប់រួចហើយ នៅក្នុង ៣៦ប្រទេស ទូទាំងពិភពលោក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត