សហព័ន្ធកីឡាបាល់ទាត់ ត្រូវបានគណៈកម្មាធិការប្រតិបត្តិ NOCC យកជាសហព័ន្ធជាគំរូ ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីឲ្យព្រឹត្តការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ គណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ឯកភាពយកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាសហព័ន្ធគំរូ សម្រាប់សហព័ន្ធកីឡាដទៃទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅសម្រេចគោលដៅ នៅឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់គណៈកម្មាធិការប្រតិបត្តិ NOCC ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC កាលពីដើមសប្តាហ៍កន្លងទៅ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា  NOCC ជាសេនាធិការដល់គណៈកម្មាធិការជាតិរៀបចំ SEA Games ឆ្នាំ២០២៣ ក្នុងការសម្រេចលើផែនការយុទ្ធសាស្រ្តឆ្ពោះទៅរកជោគជ័យ ដូច្នេះហើយ NOCC មានភារកិច្ចជាអ្នកទទួលខុសត្រូវ និងផ្តល់មតិយោបល់សំខាន់ៗ ដើម្បីសម្រេចគោលដៅសម្រាប់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។ ឯកឧត្តម បន្តថា NOCC ត្រូវត្រួតពិនិត្យគ្រប់ប្រសិទ្ធភាពការងារ កីឡា ត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ក្នុងការហាត់ហ្វឹកហ្វឺន ផលប៉ះពាល់ដល់កីឡាករ ការគ្រប់ គ្រងដឹកនាំសហព័ន្ធកីឡាជាតិជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ចំពោះកីឡាបាល់ទាត់ បាននឹងកំពុងខំប្រឹងស្របតាមមហិច្ឆតាចង់បាន គឺការឈានឲ្យដល់វគ្គផ្តាច់ព្រត្រ័នៅ SEA Games 2023។ បច្ចុប្បន្នសហព័ន្ធបានរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់រាជធានីខេត្ត ខណៈផែនការធ្វើទីលានបាល់ទាត់បាន២២ ខេត្តរួចហើយ។ ឯកឧត្តមសង្កត់ធ្ងន់ថា «កត្តាសំខាន់មិន ត្រូវ ធ្វើលំៗទេត្រូវមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ពិសេសកត្តាមនុស្សសំខាន់ជាងគេ ក្នុងការសម្រេចបានជោគជ័យ ឬបរាជ័យ អាស្រ័យដោយឆន្ទៈមនុស្ស»។

តាមរយៈការប្ដេជ្ញាចិត្ដរបស់ប្រមុខថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទាត់ អមជាមួយការមើលឃើញនូវទិដ្ឋភាពជាក់ស្ដែង ចំពោះភាពរីកចម្រើនរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាពេលបច្ចុប្បន្ន អង្គប្រជុំខាងលើបានសម្រេចឯកភាពយកសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ធ្វើជាសហព័ន្ធគំរូសម្រាប់សហព័ន្ធកីឡាជាតិផ្សេងៗអនុវត្តន៍តាម ពិសេសគឺការមានមហិច្ឆតា និងទិសដៅច្បាស់លាស់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាកំពុងត្រៀមធ្វើជា ម្ចាស់ផ្ទះតែម្ដង។

ទន្ទឹមជាមួយគ្នា កិច្ចប្រជុំក៏បានធ្វើការដោះស្រាយបញ្ហាសហព័ន្ធកីឡាវ៉ូស៊ូ និងកីឡាវាយកូនឃ្លីលើតុ បន្ទាប់ពីត្រូវព្យួរសមាជិកភាព និងរងបណ្តឹងដោយពិនិត្យលើមូលដ្នានច្បាប់កីឡា លក្ខន្តិកៈ បទបញ្ញតិ្តកីឡាអន្តរជាតិឲ្យបានរួចរាល់ ពិសេសប្រើយន្តការផ្ទៃក្នុងដោះស្រាយជាមុន។ ហេតុនេះ NOCC នឹងអនុញ្ញាតឲ្យសហព័ន្ធកីឡាវាយកូនឃ្លីលើតុ រៀបចំមហាសន្និបាតវិសាមញ្ញមួយនាពេលឆាប់ៗ តាមការស្នើដើម្បីដោះស្រាយ ហើយ NOCC នឹងសហការជាមួយអគ្គនាយកដ្ឋានកីឡា ដើម្បីពន្លឿនការ ដោះស្រាយកីឡាវ៉ូស៊ូផងដែរ។

ចុងក្រោយ ឯកឧត្តមបណ្ឌិត ថោង ខុន បានធ្វើការជំរុញអង្គប្រជុំត្រូវយកចិត្តទុកដាក់បង្កើនការហ្វឹក ហាត់ និងរក្សាចំនួនមេដាយ ព្រមជាមួយចំណាត់ថ្នាក់ប្រទេសទី៨ ឲ្យបានក្នុងចំណោម ១១ប្រទេស ចូលរួមក្នុងការប្រកួត កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ ហើយនៅ ថ្ងៃទី២៩ ខែកក្កដាខាងមុខ NOCC ក៏នឹងមានរៀបចំដំណើរទស្សនកិច្ច ត្រួតពិនិត្យការដ្ឋានសាងសង់ និងការដំឡើងគ្រោងបង្គំចុងក្រោយនៃកីឡដ្ឋានធំ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែង ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner