បន្តសាកសួរ គង់ រ៉ៃយ៉ា រឿងបោះពុម្ភអាវដាក់រូប និងទ្រឹស្តីរបស់បណ្ឌិត កែម ឡី ញុះញង់ឲ្យមានការប្រព្រឹត្តបទល្មើស
ភ្នំពេញ៖ លោក រៀល សុភិន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នឹងបន្តការសាកសួរជនសង្ស័យ គង់ រ៉ៃយ៉ា ពាក់ព័ន្ធបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេធ្វើសកម្មភាពបោះពុម្ពទ្រឹស្ដី និងរូបរបស់លោកបណ្ឌិត កែម ឡី នៅលើអាវយឺតពណ៌ខ្មៅ និងស រួចយកទៅបង្ហោះលក់នៅលើបណ្តាញសង្គម Facebook ដែលមាន ខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ដោយភ្ជាប់នឹងថ្ងៃមរណភាពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។

គួររំលឹកថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ម្តងរួចមកហើយ ពីបទញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ក្នុងអំពើប្រកាសឲ្យមហាជនធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញ សង្គម Facebook យោងតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សូមជម្រាបថា នៅក្នុងនីតិវិធីសាកសួរនៅព្រឹកនេះ ជនសង្ស័យ គង់ រ៉ៃយ៉ា មានលោក សំ សុគង់ ជាមេធាវីការពារសិទ្ធិ៕ធ.ដ

