ថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ពុំមានការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង៤គណបក្ស បានធ្វើសកម្មភាពឃោសនាផ្សេងទៀត ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយខ្លួនដល់អ្នកបោះឆ្នោត។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ ឃើញថា៖
-គណបក្សហ៊្វុនស៊ិនប៉ិច បានចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្ស នៅខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧ ។
-គណបក្ស កម្លាំងជាតិ បានធ្វើសកម្មភាពជួបប្រជុំនៅខេត្តកំពង់ស្ពឺ នៃភូមិភាគទី៧ ។
-គណបក្ស ឆន្ទៈខ្មែរ បានជួបប្រជុំ ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅភូមិភាគទី២ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ និងភូមិភាគទី៨។
-គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី១ និងភូមិភាគទី២ មានការចាក់មេក្រូផ្សព្វផ្សាយ និងនៅភូមិភាគផ្សេងទៀត មានការជួបប្រជុំ ការចាក់មេក្រូផ្សព្វផ្សាយ និងការចែកខិត្តបណ្ណ។

ជាទូទៅ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល។ អ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង សរុបចំនួន ១១,៧៤៧ នាក់ ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕

ads banner