សេដ្ឋកិច្ចសង្ហិបុរីកើនឡើង ១,១ភាគរយក្នុងឆ្នាំ ២០២៣
សង្ហិបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងទាបជាងការរំពឹងទុកកាលពីឆ្នាំមុន ខណៈដែលខ្លួនបានព្រមានថា ហានិភ័យភូមិសាស្ត្រនយោបាយនឹងបន្តបង្កផលប៉ះពាល់នៅឆ្នាំ២០២៤នេះ។
សេដ្ឋកិច្ចសង្ហិបុរីកើនឡើង ១.១ភាគរយកាលពីឆ្នាំ២០២៣ ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មសង្ហិបុរី តួលេខនេះទាបជាងការព្យាករណ៍ ១.២ភាគរយ ដែលប្រកាសដោយនាយករដ្ឋមន្ត្រីសង្ហិបុរី លោក លី សៀនឡុង។ នេះជាឆ្នាំទី៣ជាប់ៗគ្នាហើយ ដែលសេដ្ឋកិច្ចរបស់ប្រទេសសង្ហិបុរីធ្លាក់ចុះ គិតចាប់តាំងពីឆ្នាំ២០២០ ជាឆ្នាំរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ សេដ្ឋកិច្ចសង្ហិបុរីមានចំនួន ៨.៩ភាគរយនៅឆ្នាំ២០២១ និង ៣.៨ភាគរយនៅឆ្នាំ២០២២។
ហើយសម្រាប់ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជសង្ហិបុរីបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងមិនប្រែប្រួលនោះទេ ពោលគឺស្ថិតនៅចន្លោះពី ១ ទៅ ៣ភាគរយ។ កំណើនសេដ្ឋកិច្ចរបស់សង្ហិបុរីដ៏ស្តួចស្តើងកាលពីឆ្នាំមុន គឺបណ្តាលមកពីតម្រូវការសកលទន់ជ្រោយ ចំពោះការនាំចេញរបស់ប្រទេសសិង្ហបុរី និងវិស័យផលិតកម្មដ៏សំខាន់របស់ខ្លួន បានធ្លាក់ចុះ ៤.៣ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ កើនឡើង ២.៧ភាគរយ។
ក្រសួងពាណិជ្ជកម្មសង្ហិបុរីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ហានិភ័យធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនៅតែមាន ដោយសង្ហិបុរីបានព្រមានពីការរីករាលដាលនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ បន្ថែមលើនេះ ការប្រែប្រួលអាកាសធាតុ និងការពន្យារពេលតម្លើងអត្រាការប្រាក់ខ្ពស់ ក៏អាចធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


