អាជ្ញាធរខេត្តកំពង់ធំ ជំរុញផលិតករក្នុងស្រុកឱ្យយកចិត្តទុកដាក់ អនុវត្តបទដ្ឋានបច្ចេកទេស

កំពង់ធំ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់  កិច្ចការប្រកួត ប្រជែង នឹងបង្រ្កាបការក្លែងបន្លំ”ក.ប.ប” និងសាខា  ក.ប.ប ខេត្ត កំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាព ម្ហូបអាហារច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពនៅសាលាខេត្តកំពង់ធំ ។

ក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅកាលពីថ្ងៃ២០ ខែកុម្ភៈឯកឧត្តម លី វេត អភិបាលខេត្តកំពង់ធំបានរំលេចនូវការរីកចម្រើននៃវិស័យ ឯកជនក្នុងការផលិតនូវផលិតផលផ្សេងក្នុងនោះក៏ទាក់ទងគ្រឿងបរិភោគផងដែរ។ដូច្នេះផលិតករក្នុងស្រុកយកចិត្តទុកដាក់ពង្រឹង គុណភាព សុវត្ថិភាពការវេចខ្ចប់ប្រកបដោយអនាម័យពិសេស អនុវត្តតាមបទដ្ឋានបច្ចេកទេសជាមួយនឹងតម្លៃល្អដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ។

ឯកឧត្តមបន្តថា កិច្ចការទាំងអស់នេះពិតជាត្រូវការពេលវេលា និង ការ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពីសំណាក់ផលិតករ  ពាណិជ្ជករ  កត្តាមិនអាចខ្វះបានមួយទៀតនោះគឺការចូលរួមគាំទ្រផលិតផលខ្មែរពីប្រជាជនខ្លួនឯងផ្ទាល់ដើម្បីឱ្យផលិតផលក្នុងស្រុកមានភាពប្រកួត ប្រជែង  និងធ្វើទំនើបកម្មផលិតផលរបស់ខ្លួន បាន។

សំដៅលើសិក្ខាសាលា ឯកឧត្តមអភិបាលខេត្តថ្លែងថា មាន សារៈសំខាន់ណាស់មានប្រយោជន៍ចំពោះបងប្អូនអាជីវករដែល អ្នកទទួលខុសត្រូវផ្ទាល់ការផលិត,ការចែកចាយ,ការលក់និងស្ថាប័នពាក់ព័ន្ធមួយចំនួនឱ្យទទួលបានបទពិសោធន៍,ចំណេះដឹងថ្មីៗ បន្ថែមទៀតស្តីពីបទប្បញ្ញតិពាក់ព័ន្ធនានាអំពីច្បាប់សុវត្ថិភាពចំណីអាហារស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕
ដោយ៖ប៊ុន រដ្ឋា

ads banner